តួកគីស្នើឱ្យ UNSC និងទីភ្នាក់ងារ IAEA ធ្វើការផ្ទៀងផ្ទាត់ថាតើអ៊ីស្រាអែលមានអាវុធនុយក្លេអ៊ែរឬអត់

0

បរទេស៖ ប្រធានាធិបតីតួកគី លោក រេសេប តាយយីប អឺដូហ្គែន បាននិយាយថា ប្រទេសតួកគីនឹងស្នើសុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ធ្វើការផ្ទៀងផ្ទាត់ចំពោះការកាន់កាប់អាវុធនុយក្លេអ៊ែររបស់ប្រទេសអ៊ីស្រាអែល។

កាសែត The Star បានដកស្រង់សម្តីរបស់មេដឹកនាំតួកគី ដែលបាននិយាយនៅឯវេទិកាសេដ្ឋកិច្ចនៅប្រទេសអាល់ហ្សេរីថា «យើងនឹងដាក់ចេញនូវគំនិតផ្តួចផ្តើមទាំងនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងនៅក្នុងទីភ្នាក់ងារ IAEA ទៅលើបញ្ហាដែលគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ ជាពិសេសសម្រាប់ប្រទេសតួកគីតែម្តង»។

លោក អឺដូហ្គែន បាននិយាយនៅពេលមុននេះអំពីតម្រូវការដើម្បីផ្ទៀងផ្ទាត់វត្តមានអាវុធនុយក្លេអ៊ែរនៅអ៊ីស្រាអែល និងចេតនាផ្តួចផ្តើមដំណើរការពាក់ព័ន្ធនៅក្នុងរចនាសម្ព័ន្ធអន្តរជាតិ រួមទាំងបន្ទាប់ពីកិច្ចប្រជុំរដ្ឋាភិបាលកាលពីថ្ងៃទី២០ ខែមិថុនាផងដែរ។ ប្រធានាធិបតីតួកគីបានចង្អុលបង្ហាញថា ប្រទេសអ៊ីស្រាអែលទទួលស្គាល់ដោយបើកចំហថា ខ្លួនមានអាវុធនុយក្លេអ៊ែរ ប៉ុន្តែរចនាសម្ព័ន្ធអន្តរជាតិ ជាពិសេសទីភ្នាក់ងារ IAEA និងអង្គការសហប្រជាជាតិ មិនបានធ្វើការស៊ើបអង្កេតណាមួយដើម្បីឆ្លើយតបទៅនឹងបញ្ហានោះទេ។

លោក អឺដូហ្គែន ក៏បាននិយាយនៅក្នុងវេទិកានោះផងដែរថា ប្រទេសតួកគីនឹងខិតខំប្រឹងប្រែងកសាងតំបន់ហ្គាហ្សាឡើងវិញ និងស្វែងរកការការទទួលខុសត្រូវរបស់អ៊ីស្រាអែលចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តនៅប៉ាឡេស្ទីន៕

ប្រភព៖ AKP