បរទេស៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក អេប្រាហ៊ីម រ៉ៃស៊ី បានអំពាវនាវកាលពីថ្ងៃអង្គារ ដល់បណ្តាមេដឹកនាំនៃក្រុមប្រទេសប្រ៊ីកស៍ (BRICS) ឱ្យប្រើប្រាស់រាល់ឱកាសសេដ្ឋកិច្ច និងនយោបាយ ដើម្បីដាក់សម្ពាធទៅលើប្រទេសអ៊ីស្រាអែល។
ជាការឆ្លើយតបស្របពេលដែលមានការកើនឡើងនូវភាពភ័យរន្ធត់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ក្នុងអំឡុងពេលនៃ «ដំណាក់កាលទីពីរ» នៃជម្លោះរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស់ ដែលបានបង្កើនសកម្មភាពរបស់ខ្លួនដែលបណ្តាលឱ្យមានការកើនឡើងនៃចំនួនស្លាប់ជនស៊ីវិលនោះ ប្រធានាធិបតីអ៊ីរ៉ង់ លោក អេប្រាហ៊ីម រ៉ៃស៊ី បានអំពាវនាវដល់បណ្តាមេដឹកនាំនៃក្រុមប្រទេសប្រ៊ីកស៍ ឱ្យប្រើប្រាស់មធ្យោបាយសេដ្ឋកិច្ច និងនយោបាយ ដើម្បីដាក់សម្ពាធទៅលើរដ្ឋាភិបាលអ៊ីស្រាអែល។
លោក រ៉ៃស៊ី បានជំរុញឱ្យក្រុមប្រទេសប្រ៊ីកស៍ទទួលស្គាល់រដ្ឋាភិបាលអ៊ីស្រាអែល ថាជា «របបភេរវករ»។
លោក រ៉ៃស៊ី បាននិយាយថា ក្រុមប្រទេសប្រ៊ីកស៍ត្រូវតែអនុម័តដំណោះស្រាយនៅអង្គការសហប្រជាជាតិ ដើម្បីបញ្ឈប់ឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប៕
ប្រភព៖ AKP