បរទេស៖ ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល (DES) របស់ប្រទេសថៃ បានលើកទឹកចិត្តដល់ការអភិវឌ្ឍទីក្រុងឆ្លាតវៃ ដោយផ្តល់ជូននូវការកាត់បន្ថយពន្ធសាជីវកម្មចំនួន ៥០% សម្រាប់រយៈពេល ៣ឆ្នាំ។
រដ្ឋមន្ត្រីក្រសួង DES លោក ប្រាសឺត ចាន់ថារឿងថង បានប្រកាសពីការអនុវត្តនេះនៅក្នុងអំឡុងពេលនៃសិក្ខាសាលាមួយស្តីពី «ទីក្រុងឆ្លាតវៃថៃឆ្នាំ២០២៤» នៅទីក្រុងបាងកក។
លោក ប្រាសឺត បាននិយាយថា រដ្ឋាភិបាលថៃដែលដឹកនាំដោយគណបក្សភឿថៃ កំពុងផ្តោតសំខាន់ទៅលើការអភិវឌ្ឍមជ្ឈមណ្ឌលខេត្តឱ្យទៅជាទីក្រុងឆ្លាតវៃក្នុងវិស័យចំនួន៧ ដែលមានដូចជាវិស័យដឹកជញ្ជូន ថាមពល សេដ្ឋកិច្ច ពលរដ្ឋ ការរស់នៅ សេវាសាធារណៈ និងបរិស្ថាន។
ខេត្តនីមួយៗនឹងមានជំនាញក្នុងវិស័យមួយ ឬច្រើន ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូន និងទទួលបានងារជាទីក្រុងឆ្លាតវៃ។ ក្រុមហ៊ុនដែលវិនិយោគក្នុងខេត្តដែលមានទីក្រុងឆ្លាតវៃនឹងមានសិទ្ធិទទួលបានការបន្ធូរបន្ថយពន្ធសាជីវកម្ម ៥០% សម្រាប់រយៈពេល ៣ឆ្នាំ។
លោក ប្រាសឺត បាននិយាយថា ការអភិវឌ្ឍទីក្រុងឆ្លាតវៃក៏នឹងទាមទារនូវធាតុចូលពីសហគមន៍មូលដ្ឋានផងដែរ៕
ប្រភព៖ AKP