ឥណ្ឌូណេស៊ីដាក់ពង្រាយគម្រោងវិនិយោគសម្រាប់កតិកាសញ្ញានៃការផ្លាស់ប្តូរថាមពលដែលមានតម្លៃ ២០ប៊ីលានដុល្លារអាម៉េរិក

0

បរទេស៖ ប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្តើមផែនការវិនិយោគមួយដើម្បីទាក់ទាញថវិកាចំនួន ២០ប៊ីលានដុល្លារអាម៉េរិក ដែលសន្យាដោយសហរដ្ឋអាមេរិក និងជប៉ុន នៅក្នុងកតិកាសញ្ញានៃការផ្លាស់ប្តូរថាមពលកកើតឡើងវិញ ដែលបានព្រមព្រៀងកាលពីឆ្នាំមុនសម្រាប់ប្រជុំកោះ ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន និងផ្តាច់ខ្លួនចេញពីថាមពលធ្យូងថ្ម។

ផែនទីបង្ហាញផ្លូវដែលកើតឡើងមិនដល់ពីរសប្តាហ៍ផងនៅមុនពេលកិច្ចប្រជុំកំពូល COP28 នៅទីក្រុងឌូបៃ បានបង្ហាញពីចក្ខុវិស័យរបស់ទីក្រុងហ្សាការតាក្នុងការឈានដល់ការបំភាយផ្នែកថាមពលសុទ្ធសូន្យត្រឹមឆ្នាំ២០៥០ ដោយប្រើសាច់ប្រាក់ពីគម្រោង Just Energy Transition Partnership (JETP) ។

យោងតាមផែនការវិនិយោគ និងគោលនយោបាយគ្រប់ជ្រុងជ្រោយ (CIPP) បានឱ្យដឹងថា ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ នឹងព្យាយាមកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតរបស់ខ្លួនឱ្យនៅត្រឹម ២៥០លានតោនសម្រាប់វិស័យថាមពលនៅលើបណ្តាញរបស់ខ្លួននៅត្រឹមឆ្នាំ២០៣០ ពោល គឺធ្លាក់ចុះពីបរិមាណពីមុនដែលមានចំនួន ២៩០លានតោន។

រដ្ឋមន្ត្រីក្រសួងដែនសមុទ្រ និងការវិនិយោគឥណ្ឌូណេស៊ី លោក អេរីក ថូហៀរ បាននិយាយថា ផែនការ CIPP ផ្តល់នូវផែនទីបង្ហាញផ្លូវជាយុទ្ធសាស្ត្រសម្រាប់ការផ្លាស់ប្តូរថាមពលប្រកបដោយមហិច្ឆតានៅក្នុងប្រទេសឥណ្ឌូណេស៊ី ដោយពិចារណាទៅលើបញ្ហាប្រឈមនានា ដែលរួមមានទាំងបច្ចេកទេស ហិរញ្ញវត្ថុ និងយុត្តិធម៌សង្គម។

ប្រទេសឥណ្ឌូណេស៊ីក៏មានគម្រោងជំរុញចំណែកនៃការបង្កើតថាមពលកកើតឡើងវិញរបស់ខ្លួនឱ្យដល់ ៤៤% នៅត្រឹមឆ្នាំ២០៣០ ផងដែរ ពោល គឺកើនឡើងពីគោលដៅដំបូងដែលមានចំនួន ៣៤%។

យោងតាមផែនការ CIPP បានឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ីនឹងត្រូវការការវិនិយោគយ៉ាងតិច ៩៧,៣ប៊ីលានដុល្លារអាម៉េរិក ដែលច្រើនជាងចំនួនមូលនិធិដែលបានសន្យាដោយអ្នកវិនិយោគ JETP ប្រមាណជិត ៥ដង ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន។ ក្នុងចំណោមចំនួននោះ ថវិកាចំនួន ៦៦,៩ប៊ីលានដុល្លារអាម៉េរិកនឹងត្រូវចំណាយសម្រាប់គម្រោងចំនួន៤០០ ដែលត្រូវចាប់ផ្តើមដំណើរការមិនលើសពីឆ្នាំ២០៣០ ទេ៕

ប្រភព៖ AKP