បរទេស៖ អត្រាមរណភាពដោយសារជំងឺសរសៃឈាមបេះដូង ដូចជាជំងឺដាច់សរសៃឈាមខួរក្បាលជាដើមនោះ កំពុងមានការកើនឡើងនៅក្នុងប្រទេសឡាវ ដោយមានការកត់សម្គាល់ថា វាជាមូលហេតុចម្បងទីបីនៃករណីស្លាប់នៅក្នុងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ដោយវាមានអត្រាមរណភាព ៩,០១%។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា នៅក្នុងប្រទេសឡាវបច្ចុប្បន្ន មានគ្រូពេទ្យឯកទេសជំងឺបេះដូងតែម្នាក់គត់ដែលបានទទួលការបណ្តុះបណ្តាល ខណៈដែលចំនួនករណីជំងឺដាច់សរសៃឈាមក្នុងបេះដូងកំពុងមានការកើនឡើង។ ប្រទេសនេះមិនមានស្ថិតិណាមួយអំពីចំនួននៃជំងឺដាច់សរសៃឈាមខួរក្បាល ឬអត្រានៃអ្នកដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺដាច់សរសៃឈាមខួរក្បាលនោះទេ។ មូលហេតុត្រូវបានគេជឿថា វាជាទិន្នន័យ ឬការកត់ត្រាមិនគ្រប់គ្រាន់ និងការខ្វះការយល់ដឹងអំពីសញ្ញា និងរោគសញ្ញា។
លោកវេជ្ជបណ្ឌិត ស៊ីសាវ៉ាត់ កែវសុទ្ធសាយ ប្រធាននាយកដ្ឋានប្រព័ន្ធប្រសាទនៃមន្ទីរពេទ្យមិត្តភាព ក្នុងទីក្រុងវៀងចន្ទន៍ បានផ្តល់អនុសាសន៍ថា រដ្ឋាភិបាលឡាវគួរអំពាវនាវឱ្យមានការគាំទ្រពីទីភ្នាក់ងារអន្តរជាតិ ដូចជាអង្គការសុខភាពពិភពលោក (WHO) ជាដើម ដើម្បីត្រួតពិនិត្យ ព្យាបាល និងការពារជំងឺដាច់សរសៃឈាមខួរក្បាល៕
ប្រភព៖ AKP