បរទេស៖ សេវាព័ត៌មានរដ្ឋរបស់ប្រទេសអេហ្ស៊ីប បានរាយការណ៍កាលពីថ្ងៃចន្ទថា អ្នកជម្លៀសជាង ៨.០០០នាក់ពីតំបន់ហ្គាហ្សាស្រ្ទីប បានទៅដល់ប្រទេសអេហ្ស៊ីបតាមច្រកព្រំដែនរ៉ាហ្វាហ៍ហើយ ដោយរួមមានទាំងជនបរទេស និងអ្នកដែលមានសញ្ជាតិពីរចំនួន ៦.៧១៣នាក់។
សេវាព័ត៌មាននោះបាននិយាយថា ជនជាតិអេហ្ស៊ីបចំនួន ៩២៩នាក់បានឆ្លងកាត់ព្រំដែនប្រទេសពីតំបន់ហ្គាហ្សាស្ទ្រីប។
ស្របពេលជាមួយគ្នានេះ មន្ទីរពេទ្យអេហ្ស៊ីបបានទទួលអ្នកជំងឺចំនួន ២៣៦នាក់ និងប្រជាជនចំនួន ១៩៧នាក់ដែលអមដំណើរមកពីតំបន់ជម្លោះដែលកំពុងមានការហែកហួរគ្នានោះ។ នេះបើយោងតាមការចេញផ្សាយរបស់សេវាសារព័ត៌មាន។
ច្រកព្រំដែនឆ្លងកាត់រ៉ាហ្វាហ៍ គឺជាផ្លូវតែមួយគត់នៅក្នុង និងចេញពីតំបន់ហ្គាហ្សាសម្រាប់ប្រជាជនស៊ីវិលនៅទីនោះ ក៏ដូចជាសរសៃឈាមសំខាន់សម្រាប់ជំនួយមនុស្សធម៌ចូលទៅប៉ាឡេស្ទីន។
កាលពីថ្ងៃទី៧ ខែតុលា ក្រុមហាម៉ាស់បានបើកការវាយប្រហារដោយគ្រាប់រ៉ុក្កែតទ្រង់ទ្រាយធំដ៏គួរឱ្យភ្ញាក់ផ្អើលមួយប្រឆាំងនឹងអ៊ីស្រាអែលពីតំបន់ហ្គាហ្សាស្ទ្រីប ហើយបានបំពានព្រំដែនដោយបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ និងចាប់ចំណាប់ខ្មាំងជាង ២០០នាក់ទៀត។ ប្រទេសអ៊ីស្រាអែលបានបើកការវាយប្រហារសងសឹកវិញ ហើយបានបញ្ជាឱ្យបិទតំបន់ហ្គាហ្សាទាំងស្រុង ដោយកាត់ផ្តាច់ការផ្គត់ផ្គង់ទឹក អាហារ និងប្រេងឥន្ធនៈ។ កាលពីថ្ងៃទី២៧ ខែតុលា ប្រទេសអ៊ីស្រាអែលបានបើកការលុកលុយទៅក្នុងដីនៅតំបន់ហ្គាហ្សាស្ទ្រីប ជាមួយនឹងគោលដៅដែលបានប្រកាសថានឹងកម្ចាត់ក្រុមយុទ្ធជនហាម៉ាស់ និងជួយសង្គ្រោះចំណាប់ខ្មាំង។ ជម្លោះនេះបានបណ្តាលឱ្យមនុស្សស្លាប់ជាង ១៣.០០០នាក់នៅតំបន់ហ្គាហ្សាស្ទ្រីប៕
ប្រភព៖ AKP