អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស់ ​ធ្វើឱ្យមានវឌ្ឍនភាពទៅ​លើ​កិច្ចព្រមព្រៀង​ចំណាប់ខ្មាំង

0

បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Yedioth Ahronoth របស់អ៊ីស្រាអែល បានរាយការណ៍ថា ប្រទេសអ៊ីស្រាអែល និងក្រុមចលនារ៉ាឌីកាល់ប៉ាឡេស្ទីនហាម៉ាស់ បានធ្វើឱ្យមានវឌ្ឍនភាពនៅក្នុងកិច្ចចរចាស្តីពីការដោះលែងចំណាប់ខ្មាំង ដែលត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។

យោងតាមសារព័ត៌មាននោះ បានឱ្យដឹងថា អ្នកសម្រុះសម្រួលកាតាដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាស់ បាននិយាយថា ក្រុមរ៉ាឌីកាល់បានត្រៀមខ្លួនរួចជាស្រេចក្នុងការដោះលែងក្រុមស្ត្រី និងកុមារចំនួន ៥០នាក់នៅក្នុងដំណាក់កាលដំបូង ជាថ្នូរនឹងការផ្អាកការប្រយុទ្ធរយៈពេល ៤ ឬ ៥ថ្ងៃ និងការដោះលែងប្រហែលកុមារ និងស្រ្តីប៉ាឡេស្ទីន ១៥០នាក់ ​ពី​ពន្ធនាគារ​អ៊ីស្រាអែល ព្រមទាំង​ការ​បញ្ជូន​ប្រេងឥន្ទនៈ​ទៅ​កាន់​តំបន់​ហ្គាហ្សា។ លើសពីនេះទៀត ចលនានេះបានបង្ហាញពីការត្រៀមខ្លួនក្នុងការបង្កើនចំនួនចំណាប់ខ្មាំងដែលនឹងត្រូវដោះលែង ប្រសិនបើខ្លួនគ្រប់គ្រងទីតាំងពួកគេនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបានក្នុងអំឡុងពេលនៃបទឈប់បាញ់គ្នា។

យោងតាមអាជ្ញាធរអ៊ីស្រាអែល បានឱ្យដឹងថា ក្រុមហាម៉ាស់កំពុងចាប់ចំណាប់ខ្មាំងពី ២៤០នាក់ ទៅ ២៥០នាក់ ដែលភាគច្រើនជាពលរដ្ឋអ៊ីស្រាអែល ដែលរួមមានទាំងមនុស្សមួយចំនួនដែលមានសញ្ជាតិពីរ ដែលកាន់លិខិតឆ្លងដែនរបស់អាល្លឺម៉ង់ សហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀត។ ប្រហែល ៣៥នាក់ជាជនបរទេសដែលមិនមែនជាពលរដ្ឋអ៊ីស្រាអែល ដោយក្នុងនោះភាគច្រើនជាជនជាតិថៃដែលធ្វើការនៅក្នុងប្រទេស។

ភាពតានតឹងបានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ាកាលពីថ្ងៃទី៧ ខែតុលា នៅពេលដែលពួកសកម្មប្រយុទ្ធហាម៉ាស់បានធ្វើការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅលើទឹកដីអ៊ីស្រាអែលពីតំបន់ហ្គាហ្សាស្ទ្រីប ដោយបានសម្លាប់ប្រជាជនដែលតាំងទីលំនៅព្រំដែនអ៊ីស្រាអែល និងចាប់ចំណាប់ខ្មាំង រួមទាំងស្ត្រី កុមារ និងមនុស្សចាស់។ ក្រុមហាម៉ាស់បានពណ៌នាអំពីការវាយប្រហាររបស់ខ្លួនថា ជាការឆ្លើយតបទៅនឹងសកម្មភាពឈ្លានពានរបស់អាជ្ញាធរអ៊ីស្រាអែលប្រឆាំងនឹងវិហារអ៊ីស្លាមអាល់-អាកសា នៅក្នុងទីក្រុងចាស់របស់ហ្សេរុយសាឡឹម។ ប្រទេសអ៊ីស្រាអែល​បាន​ប្រកាស​បិទផ្លូវ​ទាំងស្រុង​នៃ​តំបន់​ហ្គាហ្សា ហើយ​បាន​និង​កំពុង​វាយ​ប្រហារតាម​ផ្លូវអាកាសទៅ​លើ​តំបន់​ហ្គាហ្សា​ ក៏ដូចជា​ផ្នែក​ខ្លះ​នៃ​ប្រទេស​លីបង់ និង​ស៊ីរី។ ការ​ប៉ះ​ទង្គិច​គ្នានោះ​ក៏​កំពុង​កើត​មាន​នៅ​តំបន់វេសប៊ែងផង​ដែរ៕

ប្រភព៖ AKP