បរទេស៖ ការិយាល័យប្រធានាធិបតីអាហ្វ្រិកខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បណ្តាមេដឹកនាំនៃក្រុមប្រទេសប្រ៊ីកស៍ (BRICS) នឹងធ្វើកិច្ចពិភាក្សាតាមសន្និសីទវីដេអូបន្ទាន់មួយនៅថ្ងៃទី២១ ខែវិច្ឆិកានេះ ដើម្បីពិភាក្សាអំពីស្ថានភាពនៅមជ្ឈិមបូព៌ា រួមទាំងតំបន់ហ្គាហ្សាស្រ្ទីបផងដែរ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងសន្និសីទនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អាហ្រ្វិកខាងត្បូងដែលបច្ចុប្បន្នកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រទេសប្រ៊ីកស៍។
សេចក្តីថ្លែងការណ៍នោះ បាននិយាយថា «បណ្តាមេដឹកនាំនៃក្រុមប្រទេសប្រ៊ីកស៍ ដែលរួមមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន នឹងជួបគ្នា [ក្រោមអធីបតីភាពរបស់អាហ្រ្វិកខាងត្បូង] សម្រាប់កិច្ចប្រជុំនិម្មិតបន្ទាន់មួយដោយមានការអញ្ជើញបណ្តាមេដឹកនាំនៃប្រទេសសមាជិកថ្មីនៃក្រុមប្រទេសប្រ៊ីកស៍ ដែលរួមមានប្រទេសអារ៉ាប៊ីសាអូឌីត អាហ្សង់ទីន អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម»។
បន្ទាប់ពីសុន្ទរកថាបើករបស់លោកប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាផូសា អនកតំណាងនៃសមាជិកប្រ៊ីកស៍ និងរដ្ឋដែលត្រូវបានអញ្ជើញ នឹងត្រូវធ្វើសេចក្តីថ្លែងការណ៍ក្នុងនាមប្រទេសរបស់ពួកគេអំពីវិបត្តិមនុស្សធម៌នាពេលបច្ចុប្បន្ននៅក្នុងតំបន់ហ្គាហ្សា នៅថ្ងៃទី២១ ខែវិច្ឆិកានេះ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរេស នឹងចូលរួមកិច្ចប្រជុំនេះដែរ។ សេចក្តីថ្លែងការណ៍រួមមួយត្រូវបានគេរំពឹងទុកថានឹងត្រូវបានអនុម័តនៅក្នុងព្រឹត្តិការណ៍នេះ៕
ប្រភព៖ AKP