សេដ្ឋកិច្ច​ថៃ​ក្នុង​ត្រីមាស​ទី​បីនៃឆ្នាំ២០២៣ មានកំណើនយឺត

0

បរទេស៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ (NESDC) បាននិយាយកាលពីថ្ងៃទី២០ ខែវិច្ឆិកាថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃបានកើនឡើង ១,៥% នៅក្នុងត្រីមាសទីបីបើធៀបទៅនឹងឆ្នាំមុន។

តួលេខនេះ គឺទាបជាងកំណើន ២,៤% ដែលអ្នកសេដ្ឋកិច្ចបានព្យាករណ៍នៅក្នុងការស្ទង់មតិមួយរបស់សារព័ត៌មានរ៉យទ័រ ដែលបានចេញផ្សាយពីមុន និងកំណើន ១,៨% ដែលបានកត់ត្រានៅក្នុងត្រីមាសទីពីរ។

ប្រទេសសេដ្ឋកិច្ចធំទីពីររបស់តំបន់អាស៊ីអាគ្នេយ៍មួយនេះ បានប្រឈមមុខនឹងការធ្លាក់ចុះនៃតម្រូវការសកលលោក ខណៈដែលទំនុកចិត្តវិនិយោគិននៅក្នុងប្រទេសថៃមានការធ្លាក់ចុះ បើទោះបីជាមានការជាប់គាំងផ្នែកនយោបាយបន្ទាប់ពីការបោះឆ្នោតកាលពីខែឧសភាក៏ដោយ។ រដ្ឋាភិបាល​ថ្មី​ដែល​ចូល​កាន់​តំណែងកាលពី​ក្នុង​ខែ​សីហា បាន​រៀបចំ​ផែនការ​នៃវិធានការ​ជំរុញ​ផ្សេងៗ។

កំណើនយឺតជាងការរំពឹងទុកនៃសេដ្ឋកិច្ចរបស់ប្រទេសថៃនៅក្នុងត្រីមាសទីបីនេះ គឺបណ្តាលមកពីការនាំចេញ និងកសិកម្មមានការចុះខ្សោយ ប៉ុន្តែត្រូវបានគាំទ្រដោយការប្រើប្រាស់ និងការបន្តងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍។

ក្រុមប្រឹក្សា NESDC បានរំពឹងទុកថា សេដ្ឋកិច្ចនឹងកើនឡើង ២,៥% នៅក្នុងឆ្នាំនេះ ដែលជាកម្រិតទាបនៃការព្យាករណ៍ពីមុនពី ២,៥% ទៅ ៣,០%។

ក្រុមប្រឹក្សានោះបានព្យាករណ៍ពីកំណើន GDP នៅចន្លោះពី ២,៧% ទៅ ៣,៧% នៅក្នុងឆ្នាំ២០២៤។

ទីភ្នាក់ងារនេះបានព្យាករណ៍ថា ការនាំចេញនឹងធ្លាក់ចុះ ២% សម្រាប់ឆ្នាំនេះ បើធៀបទៅនឹងការធ្លាក់ចុះ ១,៨% ដែលត្រូវបានគេមើលឃើញកាលពីឆ្នាំមុន ហើយការនាំចេញនឹងកើនឡើង ៣,៨% នៅក្នុងឆ្នាំ២០២៤៕

ប្រភព៖​ AKP