បរទេស៖ ប្រទេសថៃគ្រោងនឹងផ្តល់ការលើកលែងទិដ្ឋាការបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរអឺរ៉ុប និងរៀបចំពិធីបុណ្យវប្បធម៌ផ្សេងៗ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងបង្កើនការចំណាយរបស់ពួកគេ។
ថ្លែងនៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ លោក ប្រុមមីន លើតស៊ូរីដេជ ជំនួយការកំពូលរបស់នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បាននិយាយថា រដ្ឋាភិបាលថៃកំពុងពិភាក្សាអំពីផែនការអនុញ្ញាតឱ្យភ្ញៀវទេសចរអឺរ៉ុបមួយចំនួនស្នាក់នៅដល់រយៈពេល ៩០ថ្ងៃ។
លោកបាននិយាយថា ប្រទេសថៃក៏នឹងរៀបចំព្រឹត្តិការណ៍ប្រហែល៣.០០០ ដូចជាការប្រគុំតន្ត្រី ការរត់ម៉ារ៉ាតុង និងពិធីបុណ្យវប្បធម៌ផ្សេងៗទៀត ដែលនឹងត្រូវរៀបចំរហូតដល់ឆ្នាំក្រោយ ដើម្បីទាក់ទាញភ្ញៀវទេសចរ។
ចាប់តាំងពីលោក សេដ្ឋា បានចូលកាន់តំណែងជានាយករដ្ឋមន្រ្តីកាលពីក្នុងខែសីហាមក លោកបានកំណត់វិស័យទេសចរណ៍ថា ជា «វិស័យឈ្នះលឿន» ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ។ រដ្ឋបាលរបស់លោកបានលើកលែងជាបណ្តោះអាសន្ននូវតម្រូវការទិដ្ឋាការសម្រាប់អ្នកធ្វើដំណើរមកពីប្រទេសរុស្ស៊ី ចិន កាហ្សាក់ស្ថាន ឥណ្ឌា និងតៃវ៉ាន់ ហើយបានបញ្ជាឱ្យក្រុមហ៊ុនអាកាសចរណ៍បន្ថែមផ្លូវហោះហើរបន្ថែមទៀត ខណៈដែលមានការសម្រួលប្រតិបត្តិការនៅតាមអាកាសយានដ្ឋានដើម្បីកាត់បន្ថយពេលវេលារង់ចាំសម្រាប់ភ្ញៀវទេសចរ។
ប្រទេសថៃក៏មានគម្រោងអនុញ្ញាតឱ្យកន្លែងកម្សាន្តពេលរាត្រីនៅតំបន់មួយចំនួននៃទីក្រុងបាងកក ខេត្តភូកេត ខេត្តឈៀងម៉ៃ និងខេត្តឈុនបុរី ដំណើរការរហូតដល់ម៉ោង ៤:០០ទាបភ្លឺផងដែរចាប់ពីខែក្រោយទៅ។
នៅក្នុងឆ្នាំ២០១៩ ប្រទេសថៃមានភ្ញៀវទេសចរបរទេសប្រមាណជិត ៤០លាននាក់ ដែលជាចំនួននៃកំណត់ត្រាភ្ញៀវទេសចរដែលបានបង្កើតប្រាក់ចំណូលចំនួន ១,៩១ទ្រីលានបាត (ប្រហែល ៥៣,៧ប៊ីលានដុល្លារអាម៉េរិក)។ នៅក្នុងឆ្នាំ២០១៩ ភ្ញៀវទេសចរម្នាក់ៗបានចំណាយជាមធ្យមចំនួន ៤៧.៨៩៥បាតក្នុងការធ្វើដំណើរមួយដង ដែលមានរយៈពេលជាមធ្យម ៩ថ្ងៃ។
ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីដើមឆ្នាំនេះដល់ថ្ងៃទី១២ ខែវិច្ឆិកា ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ២៣,២លាននាក់ និងទទួលបានប្រាក់ចំណូលចំនួន ៩៨១,៧ប៊ីលានបាត ដែលមានន័យថា ការចំណាយជាមធ្យមក្នុងការធ្វើដំណើរមួយដងនាពេលនេះ គឺប្រហែល ១២% ទាបជាងឆ្នាំ២០១៩។
អាជ្ញាធរទេសចរណ៍ថៃបានកំណត់គោលដៅបង្កើនប្រាក់ចំណូលពីវិស័យទេសចរណ៍បរទេសឱ្យវិលត្រឡប់ទៅកម្រិតដូចកាលមុនមានជំងឺកូវីដ-១៩ ដោយកំណត់គោលដៅយ៉ាងហោចណាស់ ២ទ្រីលានបាត (៥៧ប៊ីលានដុល្លារអាម៉េរិក) នៅក្នុងឆ្នាំ២០២៤៕
ប្រភព៖ AKP