បរទេស៖ ក្រសួងបច្ចេកវិទ្យា និងគមនាគមន៍របស់ប្រទេសឡាវ បានប្រកាសថា វេទិកាសប្តាហ៍ឌីជីថលឡាវឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំក្រោយ នៅទីក្រុងវៀងចន្ទន៍ ជាមួយនឹងពាក្យស្លោក «ការផ្លាស់ប្តូរឌីជីថលឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការតភ្ជាប់ដែលមានភាពធន់»។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យា និងគមនាគមន៍ លោក បូវៀងខាំ វង្សតារា បាននិយាយថា ព្រឹត្តិការណ៍នោះមានគោលបំណងផ្សព្វផ្សាយ និងបង្កើនការយល់ដឹងជាសាធារណៈអំពីការផ្លាស់ប្តូររបស់ប្រទេសឡាវទៅកាន់ឧស្សាហកម្មទំនើប និងសេដ្ឋកិច្ចឌីជីថល។ វាក៏នឹងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យានវានុវត្តន៍ បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ (ICT) ព្រមទាំងបច្ចេកវិទ្យាឌីជីថលក្នុងវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
ព្រឹត្តិការណ៍នោះក៏មានគោលបំណងជំរុញការផ្តល់ផលិតផល និងសេវាកម្មដែលមានលក្ខណៈគ្រប់គ្រាន់ដើម្បីចូលរួមក្នុងការប្រកួតប្រជែងថ្នាក់តំបន់ និងអន្តរជាតិផងដែរ ដូចជាកម្មវិធីពានរង្វាន់បច្ចេកវិទ្យាព័ត៌មានអាស៊ានឆ្នាំ២០២៤ ជាដើម។
យោងតាមលោករដ្ឋមន្ត្រី បានឱ្យដឹងថា វេទិកាសប្តាហ៍នោះនឹងរៀបចំឱ្យមានសកម្មភាពចម្រុះ រួមទាំងវេទិកាកម្រិតខ្ពស់ស្តីពីការអភិវឌ្ឍ និងការផ្លាស់ប្តូរឌីជីថល និងការតាំងពិព័រណ៍ផលិតផលទូរគមនាគមន៍ និងការបង្កើតថ្មីពីបណ្តាក្រុមហ៊ុនទើបចាប់ផ្តើមអាជីវកម្មនៅក្នុងប្រទេសឡាវ និងតំបន់ជិតខាងដែលមានស្តង់ជាង១០០ ផងដែរ។
នៅក្នុងឱកាសនោះ ប្រទេសឡាវនឹងប្រកាសកំណត់យកថ្ងៃទី១០ ខែមករា ជាទិវាឌីជីថលរបស់ប្រទេសឡាវ។
ប្រទេសឡាវចាត់ទុកវេទិកាសប្តាហ៍នោះជាឱកាសមួយដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងការវិនិយោគ ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជំរុញការអនុវត្តការស្រាវជ្រាវបច្ចេកវិទ្យា និងជំរុញនវានុវត្តន៍ ឧស្សាហូបនីយកម្ម និងការផ្តល់សេវាកម្មក្នុងការអភិវឌ្ឍធនធានមនុស្ស៕
ប្រភព៖ AKP