​ ឡាវមានបំណងក្លាយជាប្រភពអគ្គិសនីសម្រាប់តំបន់អាស៊ីអាគ្នេយ៍

0

បរទេស៖​ ប្រទេសឡាវកំពុងខិតខំប្រឹងប្រែងដើម្បីបង្កើនការនាំចេញថាមពលអគ្គិសនីទៅកាន់ប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជំរុញការអភិវឌ្ឍថាមពលកកើតឡើងវិញ ដោយសង្ឃឹមថានឹងក្លាយជា «អាគុយរបស់តំបន់អាស៊ីអាគ្នេយ៍» នាពេលខាងមុខ។

យោងតាមទិន្នន័យរបស់ក្រសួងថាមពល និងរ៉ែនៃប្រទេសឡាវ បានឱ្យដឹងថា បច្ចុប្បន្ននេះ ប្រទេសឡាវមានរោងចក្រថាមពលចំនួន៩៤ ដែលក្នុងនោះមានវារីអគ្គិសនីចំនួន ៨១កន្លែង ដែលមានសមត្ថភាពបង្កើតថាមពលសរុបជាង ១១.៦០០មេហ្គាវ៉ាត់។

កាលពីក្នុងឆ្នាំ២០២២ ការនាំចេញអគ្គិសនីបាននាំមកនូវប្រាក់ចំណូលជាង ២,៣ប៊ីលានដុល្លារអាម៉េរិកសម្រាប់ប្រទេសឡាវ ខណៈដែលប្រទេសនេះត្រូវចំណាយត្រឹមតែជាង ៤០លានដុល្លារអាម៉េរិកប៉ុណ្ណោះសម្រាប់ការនាំចូលអគ្គិសនី។ បច្ចុប្បន្ននេះ ប្រទេស​ឡាវ​បាន​លក់​អគ្គិសនី​ទៅឱ្យ​ប្រទេស​ចំនួន​៦ ​គឺប្រទេសថៃ ចិន មីយ៉ាន់ម៉ា វៀតណាម កម្ពុជា និង​សិង្ហបុរី។

នាពេលខាងមុខនេះ ប្រទេសឡាវនឹងបន្តកិច្ចចរចាដើម្បីបង្កើនការនាំចេញថាមពលអគ្គិសនី ហើយក្នុងពេលជាមួយគ្នានេះ ប្រទេសឡាវនឹងជ្រើសរើសការអភិវឌ្ឍប្រភពថាមពលប្រកបដោយប្រសិទ្ធភាពខ្ពស់ គុណភាពល្អ ការវិនិយោគទាប និងភាពស៊ីសង្វាក់គ្នាជាមួយនឹងនិន្នាការនាពេលបច្ចុប្បន្ន។

វារីអគ្គិសនីបច្ចុប្បន្នមានប្រហែល ៧០% នៃទិន្នផលអគ្គិសនីសរុបនៅក្នុងប្រទេសឡាវ ហើយប្រទេសនេះមានគម្រោងបង្កើតថាមពលខ្យល់នៅលើគោក ដែលមានសមត្ថភាពបង្កើតថាមពលសរុប ៣,៦ជីហ្គាវ៉ាត់ នៅក្នុងដំណាក់កាលធ្វើផែនការ។

កាលពីពេលថ្មីៗនេះ ប្រទេសឡាវបានដំឡើងទួរប៊ីនដំបូងនៃគម្រោងថាមពលខ្យល់ដែលមានកម្លាំង ៦០០មេហ្គាវ៉ាត់នៅស្រុកដាកជើង នៃខេត្តសេកុង ដែលត្រូវបានគេនិយាយថាជារោងចក្រថាមពលខ្យល់ដ៏ធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ដែលមានទួរប៊ីនខ្យល់ចំនួន១៣៣ និងការប៉ាន់ស្មានវិនិយោគប្រហែល ៩០០លានដុល្លារអាម៉េរិក៕

ប្រភព៖ AKP