បរទេស៖ បណ្តារដ្ឋមន្ត្រីការពារជាតិដែលចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១០ (ADMM) បូក នៅទីក្រុងហ្សាការតា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា បានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (WPS)។
ពួកគេបានប្តេជ្ញាលើកកម្ពស់ការចូលរួមឱ្យបានពេញលេញ ដោយស្មើភាព និងប្រកបដោយអត្ថន័យ និងភាពជាអ្នកដឹកនាំរបស់ស្ត្រីលើគ្រប់វិស័យនៃសន្តិភាព និងសន្តិសុខ ជាពិសេសក្នុងការទប់ស្កាត់ ការគ្រប់គ្រង និងការដោះស្រាយជម្លោះប្រដាប់អាវុធ ព្រមទាំងការកសាងសន្តិភាពក្រោយជម្លោះ និងការកសាងឡើងវិញឆ្ពោះទៅរកស្ថិរភាព សន្តិភាព និងសុវត្ថិភាពក្នុងតំបន់។
បណ្តារដ្ឋមន្ត្រីទាំងនោះបានផ្តល់អនុសាសន៍ឱ្យមានការរួមចំណែកកាន់តែច្រើនរបស់ស្ត្រីក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត និងលើកទឹកចិត្តឱ្យមានឱកាសស្មើគ្នាសម្រាប់ស្ត្រីក្នុងវិស័យការពារជាតិ និងការកសាងសន្តិភាព។
ពួកគេបានគាំទ្រចំពោះការប្រើប្រាស់ម៉ូឌុលបណ្តុះបណ្តាលរបស់អង្គការសហប្រជាជាតិ ដើម្បីបង្កើនសមត្ថភាព និងជំនាញរបស់ស្ត្រីក្នុងការចូលរួមក្នុងដំណើរការបង្កើតគោលនយោបាយ ក៏ដូចជាកិច្ចការពារ ការគ្រប់គ្រង និងការដោះស្រាយជម្លោះប្រដាប់អាវុធ និងការកសាង និងកសាងឡើងវិញក្រោយជម្លោះ។
ពួកគេក៏បានប្តេជ្ញាពង្រឹងក្របខណ្ឌថ្នាក់តំបន់ទាក់ទងនឹងការអនុវត្តរបៀបវារៈ WPS ក្នុងគោលបំណងពង្រឹងកិច្ចការពារ ការគោរព និងការលើកកម្ពស់សិទ្ធិស្ត្រី ចំពេលដែលកំពុងមានការគំរាមកំហែង និងបញ្ហាប្រឈមផ្នែកសន្តិសុខដែលកំពុងកើតមានផងដែរ។
រដ្ឋមន្ត្រីទាំងអស់ក៏បានផ្តល់អនុសាសន៍ឱ្យអនុវត្តឱ្យបានពេញលេញនូវផែនការសកម្មភាពតំបន់អាស៊ានស្តីពី WPS តាមរយៈការផ្តល់នូវធនធាន និងការពង្រឹងការបញ្ជ្រាបយេនឌ័រនៅក្នុងបញ្ហាសន្តិសុខប្រពៃណី និងមិនមែនប្រពៃណីនៅកម្រិតតំបន់។
លើសពីនេះទៀត ពួកគេបានសន្យាជំរុញការកសាងសមត្ថភាពសម្រាប់ស្ត្រី និងការចូលរួម និងភាពជាអ្នកដឹកនាំរបស់ពួកគេ ជាអ្នកបង្កើតគោលនយោបាយក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តគ្រប់កម្រិត តាមរយៈដំណើរការ និងយន្តការពាក់ព័ន្ធនៅក្នុងកិច្ចប្រជុំ ADMM បូក ឬកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសជាសមាជិកនៃកិច្ចប្រជុំ ADMM បូក៕
ប្រភព៖ AKP