បរទេស៖ រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូបៀនតូ បានអំពាវនាវដល់ប្រទេសជាសមាជិកផ្សេងទៀតនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឱ្យជួយដល់ប្រទេសមីយ៉ាន់ម៉ាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិភាព និងយូរអង្វែងសម្រាប់ស្ថានភាពបច្ចុប្បន្ន។
ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៧ (ADMM) នៅទីក្រុងហ្សាការតា លោករដ្ឋមន្ត្រីបាននិយាយថា ក្នុងនាមជាប្រធានអាស៊ាន ប្រទេសឥណ្ឌូណេស៊ីគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសមីយ៉ាន់ម៉ាក្នុងការស្វែងរកដំណោះស្រាយសន្តិភាព និងយូរអង្វែង និងជំរុញការផ្សះផ្សាប្រកបដោយសុខដុមរមនា។
ខណៈដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាសន្តិសុខជាបន្តបន្ទាប់ រួមទាំងបញ្ហាប្រពៃណី និងមិនមែនប្រពៃណីដែលកំពុងលេចឡើងនោះ លោក ប្រាបូវ៉ូ បានសង្កត់ធ្ងន់ថា កិច្ចប្រជុំ ADMM ដើរតួនាទីយ៉ាងសំខាន់ក្នុងការយកឈ្នះលើបញ្ហាប្រឈមនានា តាមរយៈកិច្ចសន្ទនាប្រកបដោយអត្ថន័យ ការផ្លាស់ប្តូរគំនិត និងការលើកកម្ពស់ភាពជាដៃគូដោយផ្អែកលើគោលការណ៍នៃជឿទុកចិត្តគ្នាទៅវិញទៅមក តម្លាភាព និងកិច្ចសហប្រតិបត្តិការ៕
ប្រភព៖ AKP