​ថៃ​បង្កើន​គោលដៅ​នាំ​ចេញ​អង្ករ​ឱ្យបានដល់ ​៨,៥​លាន​តោន​ក្នុង​ឆ្នាំ​២០២៣

0

បរទេស៖ លោក ជូគីវ៉ាត់ អូផាស់វង្សសេ ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃ (TREA) បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសថៃបានបង្កើនគោលដៅនាំចេញអង្កររបស់ខ្លួនសម្រាប់ឆ្នាំនេះឱ្យបានដល់ ៨,៥លានតោន។

បច្ចុប្បន្ននេះ ថៃ​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំលំដាប់​ទី​ពីរ​របស់​ពិភពលោក​ បន្ទាប់​ពី​ប្រទេស​ឥណ្ឌា។

លោក ជូគីវ៉ាត់ បាននិយាយថា អង្ករថៃឥឡូវនេះត្រូវបានលក់ក្នុងតម្លៃប្រហែល ៥៥០-៥៥៥ដុល្លារអាម៉េរិកក្នុងមួយតោន ដែលទាបជាងប្រទេសប្រកួតប្រជែងដទៃទៀត ដូច្នេះហើយបានជាប្រទេសមួយចំនួន ដូចជាប្រទេសហ្វីលីពីន និងឥណ្ឌូណេស៊ី កំពុងបង្កើនការបញ្ជាទិញអង្ករថៃ។

លោក​បាន​បង្ហើបឱ្យដឹង​ថា ផលិតកម្ម​ស្រូវ​របស់​ប្រទេសថៃនៅ​ក្នុង​ឆ្នាំ​នេះ ​មាន​ការ​ប៉ះពាល់​តិចតួច​ប៉ុណ្ណោះ​ពី​បាតុភូត​អាកាសធាតុអ៊ែលនីណូ។ រដូវកាលឆ្នាំ២០២៣-២០២៤ ត្រូវបានគេរំពឹងថានឹងផ្តល់ទិន្នផលពី ៣៣-៣៤លានតោន ដោយកើនឡើង ២លានតោនធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុង​អំឡុង​ពេលខែ​មករា​ដល់​ខែ​កញ្ញា ប្រទេស​ថៃ​លក់​អង្ករ​បាន​ចំនួន ៦,០៨លាន​តោន ដោយកើន​ឡើងបាន ១២% ​ធៀប​នឹង​ឆ្នាំ​មុន។

ទោះបីជាយ៉ាងណាក៏ដោយ លោក ជូគីវ៉ាត់ បានព្យាករណ៍ថា ការនាំចេញអង្កររបស់ប្រទេសថៃនឹងធ្លាក់ចុះមកនៅត្រឹម ៧,៥លានតោនក្នុងឆ្នាំ២០២៤ ខណៈដែលប្រទេសនាំចេញអង្ករកំពូលរបស់ពិភពលោក គឺប្រទេសឥណ្ឌានោះ ទំនងជានឹងបន្ធូរបន្ថយការហាមឃាត់ការនាំចេញអង្កររបស់ខ្លួន៕

ប្រភព៖ AKP