បរទេស៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិយាយកាលពីពេលថ្មីៗនេះថា ខ្លួនបានអនុម័តប្រាក់កម្ចីចំនួន ៥០០លានដុល្លារអាម៉េរិក ដើម្បីជំរុញធនធានមនុស្សរបស់ប្រទេសឥណ្ឌូណេស៊ី និងលើកកម្ពស់ផលិតភាពការងារ។
ធនាគារដែលមានមូលដ្ឋាននៅទីក្រុងម៉ានីលនេះ បាននិយាយថា ប្រាក់កម្ចីនេះ គឺជាកម្មវិធីរងទីពីរក្នុងចំណោមកម្មវិធីរងចំនួនបី ក្រោមកម្មវិធីមួយដើម្បីបង្កើនផលិតភាពតាមរយៈការអភិវឌ្ឍន៍ធនធានមនុស្ស ហើយវាផ្អែកទៅលើភាពជោគជ័យនៃកម្មវិធីរងដំបូងដែលត្រូវបានអនុម័តកាលពីឆ្នាំ២០២១។
នាយកធនាគារ ADB ប្រចាំប្រទេសឥណ្ឌូណេស៊ី លោក ជីរ៉ូ តូមីណាហ្គា បាននិយាយថា កម្មវិធីនេះ គឺជាការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងយូរអង្វែងជាមួយរដ្ឋាភិបាលឥណ្ឌូណេស៊ី ដើម្បីជួយកសាងប្រព័ន្ធសុខភាព ការអប់រំ និងកិច្ចការពារសង្គមដែលមានភាពធន់ និងមានការឆ្លើយតប ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។
លោក តូមីណាហ្គា បានកត់សម្គាល់ថា ភាពបរាជ័យនៃការអនុវត្តក្នុងការអភិវឌ្ឍធនធានមនុស្ស និងផលិតភាពដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ គឺជាកត្តាអាទិភាពរបស់ធនាគារក្នុងការជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ដែលជាសមាជិក៕
ប្រភព៖ AKP