បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៃប្រទេសឡាវបានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ម្នាក់ដែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសឡាវមានសក្តានុពលដ៏ធំក្នុងការជំរុញផលិតកម្មបសុសត្វសម្រាប់ការនាំចេញបន្ទាប់ពីការសម្ពោធផ្លូវដែកចិន-ឡាវក្នុងឆ្នាំ២០២១។
យោងតាមរបាយការណ៍របស់កាសែតសេដ្ឋកិច្ចឡាវបានឱ្យដឹងថា លោក កាវីភុន ភូថាវង្ស អគ្គនាយកនៃនាយកដ្ឋានបសុសត្វ និងនេសាទ នៃក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវ បាននិយាយនៅក្នុងកិច្ចប្រជុំមួយថា ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះមានផ្ទៃដីធំល្មមដែលសមរម្យសម្រាប់គម្រោងផលិតកម្មបសុសត្វស្របតាមទីផ្សារនាំចេញ។
របាយការណ៍នោះបាននិយាយថា ការចិញ្ចឹមសត្វដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកសិកម្មឡាវ ដែលស្មើនឹងជាងមួយភាគបីនៃផលិតផលតម្លៃបន្ថែមរបស់វិស័យនេះ។ ការនាំចេញបសុសត្វរបស់ប្រទេសឡាវក្នុងរយៈពេល ៩ខែកន្លងមកនេះ បានកើនដល់ជាង ៦១លានដុល្លារអាម៉េរិក ។
តម្រូវការបសុសត្វ និងផលិតផលបសុសត្វ រួមមានសាច់ ទឹកដោះគោ និងស៊ុត កំពុងតែកើនឡើងយ៉ាងឆាប់រហ័សទាំងក្នុងស្រុក និងទីផ្សារជិតខាង ជាពិសេសប្រទេសចិន និងវៀតណាម។
កំណើននេះត្រូវបានជំរុញដោយការអភិវឌ្ឍបណ្តាញផ្លូវក្នុងតំបន់ទូទាំងមហាអនុតំបន់មេគង្គ (GMS) និងកិច្ចព្រមព្រៀងទ្វេភាគីរវាងប្រទេសឡាវ និងប្រទេសជិតខាងលើការនាំចេញបសុសត្វ។
យោងតាមរបាយការណ៍នោះបានឱ្យដឹងថា ការនាំចេញសត្វពាហនៈប្រចាំឆ្នាំទៅកាន់ប្រទេសចិនតែមួយ មានតម្លៃប្រហែល ៥៤លានដុល្លារអាម៉េរិក៕
ប្រភព៖ AKP