ថៃ​បើក​យុទ្ធនាការ​លើក​ទឹក​ចិត្តប្តីប្រពន្ធ​ឱ្យ​មាន​កូន

0

បរទេស៖ ក្រសួង​សុខភាព​សាធារណៈ​របស់​ប្រទេស​ថៃ បាន​បើក​យុទ្ធនាការ «ផ្តល់​កំណើត​ពិភពលោក​ដ៏​អស្ចារ្យ» ដើម្បី​លើក​ទឹក​ចិត្តដល់ប្តីប្រពន្ធ​ឱ្យ​មាន​កូន និង​ជំរុញ​អត្រា​កំណើត​ទាប​គួរ​ឱ្យ​បារម្ភ​របស់​ប្រទេស​នេះ កាលពី​នៅ​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា។

ថ្លែងនៅក្នុងពិធីដាក់ចេញនូវយុទ្ធនាការនោះ រដ្ឋមន្ត្រីក្រសួងសុខភាពសាធារណៈ លោក ចុលណាន ស្រ៊ីកែវ បាននិយាយថា យុទ្ធនាការនោះស្វែងរកការលើកកម្ពស់ភាពជាឪពុកម្តាយក្នុងចំណោមគូស្វាមីភរិយាវ័យក្មេង ខណៈដែលពួកគេជាច្រើនកំពុងជ្រើសរើសការពន្យារកំណើត ឬសម្រេចចិត្តប្រឆាំងនឹងការមានកូនដោយហេតុផលផ្សេងៗ។

លោក​បាន​អំពាវនាវ​ដល់​គូស្នេហ៍​ទាំងឡាយ​ឱ្យ​រំសាយ​ជំនឿ​ដែល​ថា ការ​មាន​កូន​ច្រើន​នឹង​ធ្វើ​ឱ្យ​អ្នក​ក្រ ជាពិសេស​ក្នុង​ចំណោម​អ្នក​ដែល​មាន​សេដ្ឋកិច្ច​សង្គម​ខ្ពស់ ។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការធ្វើឱ្យប្រសើរឡើងនូវអត្រាកំណើតទាបរបស់ប្រទេសថៃឥឡូវនេះ ជាចំណុចអាទិភាពក្នុងរបៀបវារៈរបស់រដ្ឋាភិបាល។

លោកបាននិយាយបន្ថែមថា ប្រសិនបើនិន្នាការបច្ចុប្បន្ននៅតែបន្ត ប្រទេសថៃមើលទៅនឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសទាំង២៣ នៅលើពិភពលោក ដែលចំនួនប្រជាជននឹងធ្លាក់ចុះក្នុងរយៈពេលពីរបីទសវត្សរ៍ខាងមុខ។

យោងតាមក្រសួងនោះបានឱ្យដឹងថា មានទារកប្រមាណជិត ៥០០.០០០នាក់បានកើតកាលពីឆ្នាំមុននៅក្នុងប្រទេសថៃ ដែលជាចំនួនទាបបំផុតក្នុងរយៈពេល ៧០ឆ្នាំកន្លងមក។

ដើម្បីបង្កើនអត្រាកំណើតរបស់ជាតិ ក្រសួងក៏នឹងបង្កើតមជ្ឈមណ្ឌលសម្ភពចំនួន ១១៩កន្លែងនៅទូទាំងប្រទេស ដោយក្នុងនោះមាន ១២កន្លែងនៅតាមគ្លីនិកសុខភាពសាធារណៈខេត្ត ដែលគ្រប់គ្រងដោយមន្ទីរសុខាភិបាល ១៦កន្លែងនៅតាមមន្ទីរពេទ្យរដ្ឋ និង ៩១កន្លែងនៅតាមមន្ទីរពេទ្យឯកជន។ គ្លីនិកនានាក៏នឹងអាចផ្តល់ដំបូន្មាន និងការព្យាបាលដល់អ្នកដែលមានបញ្ហាបន្តពូជផងដែរ៕

ប្រភព៖ AKP