បរទេស៖ ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ហ្វាឌីឡា យូសូហ្វ បាននិយាយថា ប្រទេសម៉ាឡេស៊ីគ្រោងនឹងពង្រឹងការចូលរួមរបស់ខ្លួនបន្ថែមទៀតនៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ប្រទេសចិន និងស្វែងរកភាពជាដៃគូសេដ្ឋកិច្ចកាន់តែទូលំទូលាយជាមួយប្រទេសនេះនៅក្នុងវិស័យដែលកំពុងមានការរីកចម្រើន ដូចជាការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងពាណិជ្ជកម្មបៃតងជាដើម។
ថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូលជាមួយដៃគូចិនក្នុងវិស័យប្រេងដូង លោក ហ្វាឌីឡា ដែលជារដ្ឋមន្ត្រីដាំដុះចម្ការ និងទំនិញផងដែរនោះ បាននិយាយថា ប្រទេសម៉ាឡេស៊ីបានអនុវត្តយ៉ាងសកម្មក្នុងការចាត់វិធានការឆ្ពោះទៅរកការគ្រប់គ្រង និងការផលិតប្រេងដូងប្រកបដោយចីរភាព។
លោកបាននិយាយថា ប្រហែល ៩០% នៃផ្ទៃដីដាំដូងប្រេងដែលមានទំហំ ៥,២៦លានហិកតា ត្រូវបានទទួលស្គាល់ក្រោមវិញ្ញាបនបត្ររបស់កម្មវិធីប្រេងដូងម៉ាឡេស៊ីប្រកបដោយចីរភាព (MSPO) ដោយលោកបាននិយាយបន្ថែមថា វិស័យនេះត្រូវបានបញ្ជាក់ថាជាវិស័យមានសក្តានុពលផលិតកម្មប្រចាំឆ្នាំដ៏គួរឱ្យចាប់អារម្មណ៍ដែលមានរហូតដល់ ១៨លានតោន។
លោក ហ្វាឌីឡា បានអំពាវនាវដល់ភាគីពាក់ព័ន្ធប្រេងដូងឱ្យចាប់យកឱកាសដ៏ទូលំទូលាយដែលបម្រើដោយទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដែលកំពុងរីកចម្រើនរវាងប្រទេសម៉ាឡេស៊ី និងចិន។
ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីកំពុងបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងនៅប្រទេសចិន ចាប់ពីថ្ងៃទី១២-១៩ ខែវិច្ឆិកា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ ក៏ដូចជាការកសាងសមត្ថភាពក្នុងវិស័យទំនិញ ជាពិសេសក្នុងការលើកកម្ពស់គម្រោងការបញ្ជាក់ MSPO នៅកម្រិតពិភពលោក។
ក្នុងឆ្នាំ២០២២ ការនាំចេញប្រេងដូង និងផលិតផលពាក់ព័ន្ធពីប្រទេសម៉ាឡេស៊ីទៅកាន់ប្រទេសចិន បានឈានដល់តម្លៃ ៣,៧២ប៊ីលានដុល្លារអាម៉េរិក ដែលស្មើនឹង ១១,៤% នៃការនាំចេញផលិតផលទាំងនេះសរុបរបស់ប្រទេសម៉ាឡេស៊ីនៅទូទាំងពិភពលោក៕
ប្រភព៖ AKP