ឥណ្ឌូណេស៊ី​នឹង​នាំ​ចូល​អង្ករ​ប្រមាណ​ ៥​លាន​តោន​នៅត្រឹម​ឆ្នាំ​២០២៤

0

បរទេស៖ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អាំរ៉ាន់ ស៊ូឡៃម៉ាន់ បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសឥណ្ឌូណេស៊ីនឹងត្រូវការនាំចូលអង្កររហូតដល់ ៥លានតោននៅត្រឹមឆ្នាំ២០២៤ ដោយសារតែផលប៉ះពាល់នៃបាតុភូតអាកាសធាតុអ៊ែលនីណូទៅលើផលិតកម្មស្រូវ។

ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មការទី៤ នៃសភាតំណាងរាស្រ្ត ដែលត្រួតពិនិត្យទៅលើបញ្ហាកសិកម្ម បរិស្ថាន ជលផល និងសន្តិសុខស្បៀងអាហារ លោក អាំរ៉ាន់ បាននិយាយថា ឆ្នាំនេះ ប្រទេសឥណ្ឌូណេស៊ីបានសម្រេចចិត្តនាំចូលអង្ករចំនួន ៣,៥លានតោន ហើយអាចនឹងមានលទ្ធភាពដែលប្រទេសនេះឈានដល់ការនាំចូលអង្ករដល់ ៥លាននៅត្រឹមឆ្នាំ២០២៤។

រដ្ឋមន្ត្រីបានចែករំលែកថា ទិន្នផលស្រូវរបស់ប្រទេសឥណ្ឌូណេស៊ីត្រូវបានប៉ាន់ប្រមាណថានឹងមានការថយចុះមកនៅត្រឹម ៣០លានតោននៅក្នុងឆ្នាំ២០២៣ ពីចំនួន ៣១លានតោនកាលពីក្នុងឆ្នាំ២០២២។ លើសពីនេះទៀត ការប្រមូលផលស្រូវនៅក្នុងឆ្នាំ២០២៤ អាចនឹងត្រូវពន្យារពេលប្រហែល ២ខែ ដែលបណ្តាលឱ្យមានការខ្វះខាតការផ្គត់ផ្គង់ និងការកើនឡើងតម្លៃ។

ដើម្បីទប់ទល់នឹងនិន្នាការធ្លាក់ចុះនៃផលិតកម្មស្រូវ ក្រសួងកសិកម្មឥណ្ឌូណេស៊ី បានសន្សំថវិកាចំនួន ១.០០០ប៊ីលានរូពៀ (៦៣,៧លានដុល្លារអាម៉េរិក) ពីថវិកាសរុបនៅក្នុងឆ្នាំនេះចំនួន ១៥.០០០ប៊ីលានរូពៀ ដើម្បីផ្តល់ហិរញ្ញប្បទានបន្ថែមដល់អគ្គនាយកដ្ឋានដំណាំស្បៀង។

លើសពីនេះទៀត ក្រសួងក៏បានស្នើឱ្យសភាតំណាងរាស្រ្ត និងរដ្ឋាភិបាល បន្ថែមថវិកាចំនួន ៥,៨៣០ទ្រីលានរូពៀនៅក្នុងឆ្នាំក្រោយ ដើម្បីលើកកម្ពស់ការដាំដុះ និងបង្កើនផលិតកម្មស្រូវ និងពោត៕

ប្រភព៖ AKP