ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់ប្រាក់កម្ចីដើម្បីជួយហ្វីលីពីនក្នុងការជំរុញការកៀរគរប្រាក់ចំណូល

0

បរទេស៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ៤០០លានដុល្លារអាម៉េរិក ដើម្បីជួយដល់ប្រទេសហ្វីលីពីនឱ្យសម្រេចបាននូវយុទ្ធសាស្ត្រសារពើពន្ធរយៈពេលមធ្យមរបស់ខ្លួន និងផ្តល់ហិរញ្ញប្បទានដល់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត តាមរយៈការផ្តោតខ្លាំងទៅលើការកៀរគរប្រាក់ចំណូល។

ធនាគារបាននិយាយថា កម្មវិធីនេះ គឺជាកម្ចីផ្អែកលើគោលនយោបាយដំបូងរបស់ខ្លួន ដែលឧទ្ទិសដល់កំណែទម្រង់នៃការប្រមូលធនធានក្នុងស្រុក (DRM)។

យោងតាមធនាគារ ADB បានឱ្យដឹងថា ប្រាក់កម្ចីនេះនឹងជួយដោះស្រាយតម្រូវការរបស់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះក្នុងការដោះស្រាយភាពមិនស្របគ្នាក្នុងក្របខ័ណ្ឌគោលនយោបាយពន្ធ ដើម្បីជំរុញការអនុលោមតាមពន្ធ កាត់បន្ថយការជៀសវាងពន្ធ និងបង្កើនប្រាក់ចំណូលបន្ថែមទៀតពីសកម្មភាព និងផលិតផលដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់បរិស្ថាន ឬរួមចំណែកដល់ការប្រែប្រួលអាកាសធាតុ។

លោក ឯកពល ជុងវិល័យវ៉ាន់ សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារ ADB ទទួលបន្ទុកហិរញ្ញវត្ថុសាធារណៈ បាននិយាយថា កម្មវិធី DRM នឹងនាំឱ្យសមាមាត្រពន្ធចូលរួមទៅក្នុងផលិតផលក្នុងស្រុកសរុប (GDP) កាន់តែខ្ពស់ និងធានាបាននូវហិរញ្ញប្បទានប្រកបដោយចីរភាពសម្រាប់ប្រទេស ដូចដែលខ្លួនបានកំណត់ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួនក្រោមផែនការអភិវឌ្ឍន៍ហ្វីលីពីនឆ្នាំ២០២៣-២០២៨៕

ប្រភព៖ AKP