បរទេស៖ ទីភ្នាក់ងារធានាផលិតផលហាឡាល់ (BPJPH) នៃក្រសួងកិច្ចការសាសនារបស់ប្រទេសឥណ្ឌូណេស៊ី នឹងរៀបចំវេទិកាផលិតផលហាឡាល់ពិភពលោក នៅទីក្រុងហ្សាការតា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ដោយមានការចូលរួមពីស្ថាប័នហាឡាល់ចំនួន១១៨ មកពី ៤១ប្រទេស។
ប្រធានទីភ្នាក់ងារ BPJPH លោក អាគីល អៀហាំ បាននិយាយថា ព្រឹត្តិការណ៍នោះ គឺជាការបន្តពីវេទិកាផលិតផលហាឡាល់ ២០ ដែលបានធ្វើឡើងក្នុងឆ្នាំ២០២២ ក្នុងអំឡុងពេលដែលប្រទេសឥណ្ឌូណេស៊ីធ្វើជាប្រធាននៃក្រុមប្រទេស G20។
ព្រឹត្តិការណ៍នោះនឹងរួមបញ្ចូលនូវរបៀបវារៈយុទ្ធសាស្ត្រមួយចំនួន រួមទាំងសន្និសីទអន្តរជាតិស្តីពីស្តង់ដារហាឡាល់ជាសកល សិក្ខាសាលាអន្តរជាតិស្តីពីបទប្បញ្ញត្តិ និងគោលនយោបាយស្តីពីការចេញវិញ្ញាបនប័ត្រហាឡាល់នៅក្នុងប្រទេសឥណ្ឌូណេស៊ី ការតាំងពិព័រណ៍ដើម្បីផ្សព្វផ្សាយផលិតផលហាឡាល់របស់ប្រទេសឥណ្ឌូណេស៊ីទៅកាន់សហគមន៍អន្តរជាតិ និង «ទេសចរណ៍ហាឡាល់» ដែលនឹងណែនាំអំពីឧស្សាហកម្មហាឡាល់នៅក្នុងប្រទេសឥណ្ឌូណេស៊ីទៅដល់អ្នកចូលរួមទូទាំងពិភពលោក។
លោកបាននិយាយថា វេទិកាផលិតផលហាឡាល់ពិភពលោក នឹងស្វែងរកការយកចិត្តទុកដាក់ទៅលើសារៈសំខាន់នៃការកសាងរួមគ្នានៅក្នុងស្តង់ដារហាឡាល់ពិភពលោក។
មន្ត្រីរូបនោះបាននិយាយថា ប្រទេសឥណ្ឌូណេស៊ីត្រូវតែបន្តផ្សព្វផ្សាយផលិតផលហាឡាល់របស់ខ្លួនទៅកាន់ទីផ្សារពិភពលោក ស្របតាមការបង្កើនល្បឿន និងការកើនឡើងនៃការចេញវិញ្ញាបនបត្រហាឡាល់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ៕
ប្រភព៖ AKP