បរទេស៖ អ្នកតំណាងមកពីសហរដ្ឋអាមេរិក និងប្រទេសចំនួន១៣ ផ្សេងទៀត បានចូលរួមកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រី ស្តីពីក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជប៉ុន លោក យ៉ាស៊ូតូស៊ី នីស៊ីមូរ៉ា ត្រូវបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានក្យូដូ ដែលបាននិយាយបន្ទាប់ពីថ្ងៃដំបូងនៃកិច្ចប្រជុំនោះថា វឌ្ឍនភាពត្រូវបានធ្វើឡើងទៅលើទិដ្ឋភាពមួយចំនួន ប៉ុន្តែ «មិនមានកិច្ចព្រមព្រៀងសំខាន់ណាមួយត្រូវសម្រេចបាននោះទេ» សម្រាប់តំបន់ពាណិជ្ជកម្មទាំងមូល។
បញ្ហាសេដ្ឋកិច្ចផ្សេងទៀតត្រូវបានពិភាក្សានៅថ្ងៃទី១៤ ខែវិច្ឆិកា ដោយរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសជាសមាជិកទាំង១៤។
កិច្ចប្រជុំនោះកំពុងប្រព្រឹត្តទៅលើកម្រិតនៃកិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC នៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ។
ចាប់តាំងពីគំនិតផ្តួចផ្តើម IPEF ត្រូវបានដាក់ឱ្យដំណើរការដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅក្នុងប្រទេសជប៉ុន កាលពីខែឧសភា ឆ្នាំ២០២២ មក មន្ត្រីទាំងអស់បាននិងកំពុងព្យាយាមបង្កើតច្បាប់ និងស្តង់ដារទូទៅនៅទូទាំងសសរស្តម្ភចំនួនបួន គឺពាណិជ្ជកម្ម សង្វាក់ផ្គត់ផ្គង់ ថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងពន្ធ និងការប្រឆាំងអំពើពុករលួយ ដើម្បីជួយដល់សមាជិកទាំងអស់ឱ្យសម្រេចបាននូវកំណើនលឿន និងមានសមធម៌ជាងមុន។
បណ្តារដ្ឋមន្ត្រីទាំងអស់ត្រូវបានគេរំពឹងថានឹងព្រមព្រៀងគ្នាភាគច្រើនទៅលើការប្រើប្រាស់ភាសាសម្រាប់សសរស្តម្ភទីបី និងទីបួន បន្ទាប់ពីបានធ្វើកិច្ចការងារនេះសម្រាប់សសរស្តម្ភខ្សែសង្វាក់ផ្គត់ផ្គង់កាលពីក្នុងខែឧសភា។ សរុបមក ក្រុមនេះមានប្រហែល ៤០ភាគរយនៃសេដ្ឋកិច្ចពិភពលោក។
ប្រទេសដែលចូលរួមក្នុងកិច្ចពិភាក្សាស្តីពី IPEF បច្ចុប្បន្ននេះ រួមមានសហរដ្ឋអាមេរិក អូស្ត្រាលី ប្រ៊ុយណេ ហ្វីជី ឥណ្ឌា ឥណ្ឌូណេស៊ី ជប៉ុន ម៉ាឡេស៊ី នូវែលសេឡង់ ហ្វីលីពីន សិង្ហបុរី កូរ៉េខាងត្បូង ថៃ និងវៀតណាម៕
ប្រភព៖ AKP