គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ឥណ្ឌូណេស៊ី​បញ្ជាក់​បេក្ខភាព​ប្រធានាធិបតី

0

បរទេស៖ គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសឥណ្ឌូណេស៊ី (KPU) បានប្រកាសបេក្ខភាពចំនួន ៣គូដែលនឹងឈរឈ្មោះបន្តតំណែងប្រធានាធិបតីពីលោក ចូកូ វីដូដូ និងតំណែងអនុប្រធានាធិបតីពីលោក ម៉ារូហ្វ អាមីន នៅក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ។

ស្នងការនៃគណៈកម្មការ KPU លោក អ៊ីដហាំ ហូលីក បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី១៣ ខែវិច្ឆិកា ថា លោក អានីស បាស្វេដាន់ និងលោក មូហៃមីន អ៊ីសកាន់ដារ, លោក ហ្កាន់ចារ ប្រាណូវ៉ូ និងលោក ម៉ាហ្វ៊ូដ អេមឌី, លោក ប្រាបូវ៉ូ ស៊ូបៀនតូ និងលោក ជីប្រាន់ រ៉ាកាប៊ូមីង រ៉ាកា ត្រូវបានប្រកាសថាមានសិទ្ធិជាគូបេក្ខភាពប្រធានាធិបតី និងអនុប្រធានាធីបតីសម្រាប់ការបោះឆ្នោតដំណាលគ្នានៅក្នុងឆ្នាំ២០២៤។

ការប្រកួតប្រជែងសម្រាប់ការិយាល័យកំពូលរបស់ប្រទេសដែលកាន់សាសនាឥស្លាមភាគច្រើនមួយនេះ គឺអតីតអភិបាលទីក្រុងហ្សាការតា លោក អានីស បាស្វេដាន់ អតីតអភិបាលខេត្តកោះជ្វាកណ្តាល លោក ហ្កាន់ចារ ប្រាណូវ៉ូ និងរដ្ឋមន្ត្រីការពារជាតិ និងជាអតីតកងកម្លាំងពិសេស លោកឧត្តមសេនីយ៍ ប្រាបូវ៉ូ ស៊ូបៀនតូ។ មិត្តរួមដំណែងរៀងៗខ្លួន គឺប្រធានគណបក្សភ្ញាក់រឭកជាតិអ៊ីស្លាម (PKB) លោក អ៊ីសកាន់ដារ ប្រធានរដ្ឋមន្ត្រីសន្តិសុខ លោក ម៉ាហ្វ៊ូដ និងអភិបាលទីក្រុងស៊ូរ៉ាការតា លោក រ៉ាកា។

រយៈពេលយុទ្ធនាការផ្លូវការនឹងចាប់ផ្តើមនៅថ្ងៃទី២៨ ខែវិច្ឆិកា ប៉ុន្តែបេក្ខភាពទាំងនោះ បានចាប់ផ្តើមដំណើរទេសចរណ៍ទូទាំងប្រទេសរួចហើយ ដើម្បីស្វែងរកការគាំទ្រពីអ្នកបោះឆ្នោត។

គណៈកម្មការបាននិយាយថា មនុស្សរហូតដល់ទៅ ២០៥លាននាក់នឹងទៅបោះឆ្នោតនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីបោះឆ្នោតឱ្យបេក្ខភាពម្នាក់ក្នុងចំណោមបេក្ខភាពទាំងអស់ ហើយអ្នកជាប់ឆ្នោតជាប្រធានាធិបតីបន្ទាប់ នឹងធ្វើពិធីស្បថនៅក្នុងខែតុលា ឆ្នាំ២០២៤៕

ប្រភព៖ AKP