វិស័យកសិ-ម្ហូបអាហាររបស់ម៉ាឡេស៊ីមានសក្តានុពលយ៉ាងសំខាន់

0

បរទេស៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយនៅក្នុងសុន្ទរកថាមួយនៃការចាប់ផ្តើមទិវាកសិករ អ្នកបង្កាត់ពូជ និងនេសាទជាតិឆ្នាំ២០២៣ ថា វិស័យកសិ-ម្ហូបអាហាររបស់ប្រទេសម៉ាឡេស៊ីនៅតែបន្តកើនឡើង បើទោះបីជាមានភាពមិនច្បាស់លាស់នៃទីផ្សារសេដ្ឋកិច្ចពិភពលោក និងក្នុងស្រុកក៏ដោយ។

ដូចដែលបានរាយការណ៍ដោយគេហទំព័រថ្មីក្នុងស្រុក The Star សុន្ទរកថាដែលត្រូវបានអានដោយឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ហ្វាឌីឡាហ៍ យូសូហ្វ នៅក្នុងព្រឹត្តិការណ៍ថ្ងៃទី១១ ខែវិច្ឆិកា បានសង្កត់ធ្ងន់ថា វិស័យនេះបានកត់ត្រានូវការរួមចំណែកយ៉ាងសំខាន់ដល់ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០២២ ដែលមានចំនួន ១៧៣,៩ប៊ីលានរីងហ្គីត (៣៦,៩៣ប៊ីលានដុល្លារអាម៉េរិក) ឬស្មើនឹង ១១,៥%។

លោកនាយករដ្ឋមន្ត្រី អាន់វ៉ា ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងដែរនោះ បាននិយាយថា ការពឹងផ្អែកទៅលើអាហារនាំចូល គឺជាបញ្ហាដែលត្រូវតែប្រឈមមុខ។ នៅក្នុងឆ្នាំ២០២២ ការពឹងផ្អែកទៅលើម្ហូបអាហារនាំចូលបានឈានដល់តម្លៃ ៧៥,៥ប៊ីលានរីងហ្គីត។

លោក​បាន​កត់​សម្គាល់​ថា វា​ចាំបាច់ណាស់ដែល​ត្រូវ​ដោះស្រាយ​ដើម្បី​បង្កើន​កម្រិត​សន្តិសុខ​ស្បៀងអាហារ​របស់ប្រទេស​ម៉ាឡេស៊ី។

យោងតាមថ្នាក់ដឹកនាំរូបនេះបានឱ្យដឹងថា វិស័យកសិ-ម្ហូបអាហារមានសក្តានុពលក្នុងការអភិវឌ្ឍ និងអាចរួមចំណែកសំខាន់ដល់សេដ្ឋកិច្ចជាតិ ដោយសន្តិសុខស្បៀងអាហារត្រូវបានផ្តោតសំខាន់ជាពិសេសនៅក្នុងរបៀបវារៈថវិកានិរន្តរភាពឆ្នាំ២០២៤៕

ប្រភព៖ AKP