បរទេស៖ រដ្ឋាភិបាលថៃបានប្រកាសព័ត៌មានលម្អិតបន្ថែមទៀតសម្រាប់កម្មវិធីកាបូបប្រាក់ឌីជីថលដែលមានការរំពឹងទុកច្រើន ដែលវាត្រូវបានរចនាឡើងដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ។
នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន បានរៀបរាប់លម្អិតពីកម្មវិធីនោះ ដោយលោកបាននិយាយថា គំនិតផ្តួចផ្តើមនោះនឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ១០.០០០បាតដល់ពលរដ្ឋថៃដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ។ ដើម្បីមានលក្ខណៈគ្រប់គ្រាន់ក្នុងការទទលបានប្រាក់ឧបត្ថម្ភនោះ ពលរដ្ឋម្នាក់ៗត្រូវតែជាអ្នកដែលរកប្រាក់ចំណូលបានតិចជាង ៧០.០០០បាតក្នុងមួយខែ ហើយមានប្រាក់បញ្ញើនៅធនាគារតិចជាង ៥០០.០០០បាត។ ប្រាក់ឧបត្ថម្ភនោះសម្រាប់ប្រើប្រាស់ក្នុងរយៈពេល ៦ខែបន្ទាប់ពីការចាប់ផ្តើមកម្មវិធី ហើយអាចត្រូវចំណាយនៅក្នុងតំបន់ដែលអ្នកទទួលបានជំនួយនោះបានចុះឈ្មោះ ដោយយោងតាមអត្តសញ្ញាណប័ណ្ណរបស់ពួកគេ។
ទាក់ទងនឹងលក្ខខណ្ឌនៃការចំណាយ អ្នកទទួលផលអាចប្រើប្រាស់ប្រាក់ឧបត្ថម្ភនោះដើម្បីទិញទំនិញ អាហារ និងភេសជ្ជៈ រួមទាំងផលិតផលប្រើប្រាស់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់ឧបត្ថម្ភនោះមិនអាចប្រើប្រាស់សម្រាប់ការសងបំណុល ថ្លៃសិក្សា ឬការទិញទំនិញតាមអនឡាញបានទេ។
ប្រាក់ឧបត្ថម្ភនោះមិនអាចប្រើប្រាស់ដើម្បីទិញភេសជ្ជៈមានជាតិអាល់កុល ផលិតផលថ្នាំជក់ កញ្ឆា ឬផលិតផលដែលពាក់ព័ន្ធបានទេ។ លើសពីនេះទៀត ការបំប្លែងប្រាក់ឧបត្ថម្ភទៅជាសាច់ប្រាក់ត្រូវបានហាមឃាត់។ ខណៈដែលប្រាក់ឧបត្ថម្ភអាចត្រូវបានប្រើប្រាស់នៅតាមហាងណាមួយ មានតែអ្នកដែលបានចុះឈ្មោះក្នុងប្រព័ន្ធពន្ធដារប៉ុណ្ណោះដែលអាចប្តូរយកមូលនិធិនេះបាន។ ហាងនានាមិនចាំបាច់ត្រូវបានចុះបញ្ជីអាករលើតម្លៃបន្ថែមទេ ប៉ុន្តែត្រូវតែចុះឈ្មោះដើម្បីទទួលបានមូលនិធិឧបត្ថម្ភ។
ប្រភពនៃមូលនិធិទាំងនោះ គឺបានមកពីរូបិយប័ណ្ណបាតដែលមានស្រាប់ អាស្រ័យទៅតាមលក្ខខណ្ឌប្រើប្រាស់ជាក់លាក់។ ទាំងអាជីវករ និងប្រជាពលរដ្ឋត្រូវតែចុះឈ្មោះដើម្បីទទួលបានសិទ្ធិទាំងនេះ។
ទាក់ទងនឹងប្រភពមូលនិធិ រដ្ឋាភិបាលគ្រោងនឹងចេញក្រឹត្យកម្ចីប្រាក់ចំនយន ៥០០ប៊ីលានបាត។ ទោះជាយ៉ាងណាក៏ដោយ កម្ចីប្រាក់នេះនឹងកើតឡើងនៅពេលដែលថវិកាត្រូវបានចំណាយ និងបំប្លែងទៅជាសាច់ប្រាក់។ វិធីសាស្រ្តនេះត្រូវបានគេរំពឹងថានឹងចរាចរណ៍បានច្រើនជាង ៥០០ប៊ីលានបាតដោយមិនមានការព្រួយបារម្ភភ្លាមៗអំពីការទូទាត់សងវិញ។ ផែនការសងត្រលប់រយៈពេល ៤ឆ្នាំ នឹងត្រូវបានអនុវត្តសម្រាប់ប្រាក់កម្ចីនេះ។
ដើម្បីភាពងាយស្រួល កម្មវិធី Paotang នឹងត្រូវបានប្រើប្រាស់សម្រាប់កម្មវិធីជំនួយនោះ ដោយធានាបាននូវភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ។
លើសពីនេះទៀត រដ្ឋាភិបាលថៃនឹងដាក់ឱ្យដំណើរការនូវកម្មវិធី «e-Refund» ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចទាមទារការកាត់ពន្ធលើការទិញទំនិញ និងសេវាកម្មរហូតដល់ទៅ ៥០.០០០បាត។
វិក្កយបត្រពន្ធនឹងត្រូវបានទាមទារសម្រាប់ការដាក់ពន្ធផ្ទាល់ខ្លួន ហើយរដ្ឋនឹងសងប្រាក់ពន្ធនោះវិញ។ អ្នកដែលមិនមានសិទ្ធិទទួលបានកាបូបប្រាក់ឌីជីថល នៅតែអាចចូលរួមក្នុងការជំរុញសេដ្ឋកិច្ចតាមរយៈគ្រោងការណ៍នេះ ដែលនឹងលើកទឹកចិត្តដល់ហាងជាច្រើនទៀតឱ្យចូលរួមក្នុងប្រព័ន្ធពន្ធឌីជីថលផងដែរ។
សម្រាប់ការកំណត់ពេលវេលា កម្មវិធីកាបូបប្រាក់ឌីជីថលត្រូវបានគេរំពឹងថានឹងដំណើរការនៅក្នុងខែឧសភា ឆ្នាំ២០២៤។ គម្រោង «e-Refund» ត្រូវបានកំណត់ឱ្យចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ២០២៤៕
ប្រភព៖ AKP