ឥណ្ឌូណេស៊ីនឹងពង្រីកការលើកទឹកចិត្តសម្រាប់យានយន្តអគ្គីសនីនៅឆ្នាំក្រោយ

0

បរទេស៖ អនុរដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគរបស់ប្រទេសឥណ្ឌូណេស៊ី​ លោក រ៉ាចម៉ាត់ កៃមូដឌីន បាននិយាយថា រដ្ឋាភិបាលឥណ្ឌូណេស៊ីគ្រោងនឹងពង្រីកការលើកទឹកចិត្តសារពើពន្ធសម្រាប់យានយន្តអគ្គិសនី (EVs) ជាពិសេសម៉ូតូអគ្គិសនីរហូតដល់ឆ្នាំក្រោយ ជាមួយនឹងកម្រិតគាំទ្រស្មើនឹងឆ្នាំនេះ។

ដោយនិយាយជាមួយសារព័ត៌មានកាលពីពេលថ្មីៗនេះ លោក រ៉ាចម៉ាត់ បាននិយាយថា កម្រិតលើកទឹកចិត្តសម្រាប់ម៉ូតូអគ្គិសនីនៅក្នុងឆ្នាំ២០២៤ នឹងស្រដៀងគ្នានឹងឆ្នាំនេះ ដែលយ៉ាងហោចណាស់ ៧លានរូពៀ (៤៤៦ដុល្លារអាម៉េរិក)។

កាលពីដើមខែមីនា ឆ្នាំ២០២៣ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានប្រកាសថា ខ្លួននឹងគាំទ្រការទិញម៉ូតូអគ្គិសនីចំនួន ២០០.០០០គ្រឿង និងការបំប្លែងម៉ូតូចំនួន ៥០.០០០គ្រឿងនៅក្នុងឆ្នាំ២០២៣ ជាមួយនឹងថវិកាសរុបប្រហែល ៥ទ្រីលានរូពៀ។

កម្មវិធីនេះអនុវត្តចំពោះតែម៉ូតូដែលផលិតក្នុងស្រុកដែលមានអត្រាធ្វើមូលដ្ឋានីយកម្មចាប់ពី ៤០% ឬច្រើនជាងនេះ ដែលផ្តល់អត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាគ្រួសារដែលមានការប្រើប្រាស់អគ្គិសនីប្រចាំខែចាប់ពី ៤៥០-៩០០ VA។

ប្រទេសឥណ្ឌូណេស៊ីក៏បានផ្តល់នូវទម្រង់ផ្សេងទៀតនៃការគាំទ្រសម្រាប់យានយន្ត EV ផងដែរ ដូចជាការកាត់បន្ថយពន្ធលើតម្លៃបន្ថែម (VAT) ពី ១១% មកនៅត្រឹម ១០% សម្រាប់យានយន្ត EV ព្រមទាំងការបញ្ចុះ​ពន្ធ​យានយន្ត​ដែល​ប្រើអាគុយ​ពី ១-១០% មកនៅ ០% និងការលើកលែងកាតព្វកិច្ចលើការផ្ទេរកម្មសិទ្ធិយានយន្តសម្រាប់យានយន្ត EV៕

ប្រភព៖ AKP