បរទេស៖ កាសែត Bild បានរាយការណ៍ដោយដកស្រង់ប្រភពពីក្រសួងការពារជាតិរបស់ប្រទេសអាល្លឺម៉ង់ថា រដ្ឋាភិបាលអាល្លឺម៉ង់មានបំណងបង្កើនជំនួយយោធាដល់ប្រទេសអ៊ុយក្រែនពី ៤ប៊ីលាន ទៅ ៨ប៊ីលានអឺរ៉ូនៅឆ្នាំក្រោយ។
យោងតាមប្រភពនោះបានឱ្យដឹងថា ក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់បានកំណត់ពីដំបូងនូវជំនួយយោធាដែលមានតម្លៃចំនួន ៤ប៊ីលានអឺរ៉ូសម្រាប់ប្រទេសអ៊ុយក្រែននៅក្នុងថវិការដ្ឋឆ្នាំ២០២៤ ប៉ុន្តែវាត្រូវបានបម្រុងទុករួចហើសម្រាប់គម្រោងបច្ចុប្បន្ននេះ ហើយក្រសួងការពារជាតិនៅសល់ថវិកាចំនួនតែ ១២០លានអឺរ៉ូប៉ុណ្ណោះសម្រាប់គម្រោងថ្មីៗ។ ក្រសួងបានស្នើសុំថវិកាបន្ថែម ៥ប៊ីលានអឺរ៉ូ។ នៅក្នុងសប្តាហ៍មុន រដ្ឋាភិបាលអាល្លឺម៉ង់បានសម្រេចបម្រុងថវិកាចំនួន ៤ប៊ីលានអឺរ៉ូបន្ថែមទៀត។ កាសែតនោះបាននិយាយថា គណៈកម្មាធិការថវិកានឹងពិចារណាទៅលើការអនុវត្តនេះនៅក្នុងសប្តាហ៍នេះ។
កាសែត Bild បានចង្អុលបង្ហាញថា ក្រសួងការពារជាតិក៏មានថវិកាចំនួន ២ប៊ីលានអឺរ៉ូទៀតដែលអាចប្រើប្រាស់បានសម្រាប់កិច្ចសន្យាការពារជាតិរយៈពេលវែងផងដែរ។
កាលពីដើមខែនេះ រដ្ឋាភិបាលអាល្លឺម៉ង់បានប្រកាសពីការប្រគល់រថក្រោះប្រភេទ Leopard 1A5 ចំនួន ២៥គ្រឿងទៀតទៅកាន់ប្រទេសអ៊ុយក្រែន ដូចដែលបានសន្យាពីមុនមក។ សព្វាវុធថ្មីដែលត្រូវបានបញ្ជូនទៅកាន់ទីក្រុងគៀវនោះ ក៏រួមមានផងដែរនូវដ្រូន និងរ៉ាដាឈ្លបយកការណ៍ផងដែរ។ ជំនួយសរុបរបស់អាល្លឺម៉ង់សម្រាប់ប្រទេសអ៊ុយក្រែន ដែលរួមមានទាំងជំនួយមនុស្សធម៌ ហិរញ្ញវត្ថុ និងយោធា ក្នុងរយៈពេលមួយឆ្នាំកន្លះកន្លងមកនេះ មានចំនួនប្រហែល ២៤ប៊ីលានអឺរ៉ូ៕
ប្រភព៖ AKP