សមាជប្រព័ន្ធផ្សព្វផ្សាយសកលលោកលើកទី២ នឹងប្រព្រឹត្តទៅនៅក្នុងសប្តាហ៍នេះ

0

បរទេស៖ សមាជប្រព័ន្ធផ្សព្វផ្សាយសកលលោកលើកទី២ នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពិព័រណ៍ជាតិអាប៊ូដាប៊ី (ADNEC) ទីក្រុងអាប៊ូដាប៊ី ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងសប្តាហ៍នេះ។

យោងតាមគណៈកម្មាធិការរៀបចំ បានឱ្យដឹងថា ព្រឹត្តិការណ៍នោះ គឺជាការប្រមូលផ្តុំប្រព័ន្ធផ្សព្វផ្សាយដ៏ធំបំផុតមួយនៅក្នុងពិភពលោក ដែលរៀបចំឡើងដោយ ADNEC Group ក្នុងភាពជាដៃគូយុទ្ធសាស្ត្រជាមួយទីភ្នាក់ងារព័ត៌មានអេមីរ៉ាត់ (WAM) ក្រោមការឧបត្ថម្ភរបស់ព្រះអង្គម្ចាស់ Sheikh Mansour bin Zayed Al Nahyan ជាអនុប្រធានាធិបតី និងជាឧបនាយករដ្ឋមន្ត្រី នៃសហភាពអារ៉ាប់រួម និងជាប្រធានតុលាការប្រធានាធិបតី។

សមាជប្រព័ន្ធផ្សព្វផ្សាយសកលលោកនោះ គឺជាវេទិកាដ៏ល្អមួយសម្រាប់អង្គភាពសារព័ត៌មាន និងអង្គភាពប្រព័ន្ធផ្សព្វផ្សាយ ដើម្បីចូលរួមជាមួយអ្នកដឹកនាំគំនិតជាសកលនៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ និងដើម្បីពិចារណាអំពីវិធីល្អបំផុតសម្រាប់ការរៀបចំអនាគតនៃវិស័យនេះ។ អ្នកចូលរួមក្នុងព្រឹត្តិការណ៍នោះ ត្រូវបានគេរំពឹងថានឹងទទួលបានការយល់ដឹងអំពីនិន្នាការឧស្សាហកម្មចុងក្រោយបង្អស់ និងជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីបណ្តុះគំនិតច្នៃប្រឌិត។

របៀបវារៈសំខាន់ៗនៃព្រឹត្តិការណ៍នោះ រួមមានសន្និសីទផ្នែកប្រព័ន្ធផ្សព្វផ្សាយឯកទេស និងការតាំងពិពណ៌ដែលត្រូវបានរៀបចំឡើងដើម្បីស្វែងយល់ពីសក្ដានុពលនៃប្រព័ន្ធផ្សព្វផ្សាយ និងបញ្ហាប្រឈមនានា។

សន្និសីទឯកទេសដែលមានវគ្គពិសេសទាក់ទងនឹងឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ គឺជាឱកាសដ៏ល្អសម្រាប់អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយដើម្បីស្វែងយល់អំពីនិន្នាការ និងបញ្ហាប្រឈមចុងក្រោយបំផុតដែលកំពុងមាននៅក្នុងឧស្សាហកម្មនេះ។ ប្រធានបទនៅក្នុងសន្និសីទនោះ មានភាពខុសប្លែកគ្នាក្នុងជំនាញផ្សេងៗទាក់ទងនឹងទំនាក់ទំនងឌីជីថល បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាទំនើប និងការច្នៃប្រឌិតក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ។ វគ្គជំនាញដែលគ្របដណ្តប់លើវិស័យសារព័ត៌មាន វិទ្យុ ទូរទស្សន៍ អ៊ីនធើណេត និងប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏នឹងត្រូវបានបង្ហាញនៅក្នុងសន្និសីទនោះផងដែរ។

នៅក្នុងឆ្នាំនេះ សន្និសីទនោះនឹងផ្តោតសំខាន់ទៅលើប្រធានបទមួយចំនួន ដូចជានិរន្តរភាព នវានុវត្តន៍ និងបច្ចេកវិទ្យាចុងក្រោយបង្អស់ក្នុងប្រព័ន្ធផ្សព្វផ្សាយ ប្រព័ន្ធផ្សព្វផ្សាយកីឡា និងយុវជន ការអប់រំ និងអនាគតនៃប្រព័ន្ធផ្សព្វផ្សាយ៕

ប្រភព៖ AKP