ឥណ្ឌូណេស៊ី​នាំ​ចេញ​ផលិតផល​ជលផល​ដំបូង​ទៅកាន់​ប្រទេស​ចិន

0

បរទេស៖ រដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្រ និងនេសាទរបស់ប្រទេសឥណ្ឌូណេស៊ី លោក សាកទី វ៉ាយុ ត្រេងហ្គោណូ បាននិយាយកាលពីពេលថ្មីៗនេះថា  ប្រទេសឥណ្ឌូណេស៊ីបាននាំចេញផលិតផលជលផលចំនួន ២៤៣តោនទៅកាន់ប្រទេសចិនជាលើកដំបូង។

លោក ត្រេងហ្គោណូ បាននិយាយថា ក្រសួងរបស់លោកទើបតែចាប់ផ្តើមការនាំចេញដំបូងផលិតផលរបស់ក្រុមហ៊ុន PT Menara Bahari Nusantara ដោយសហការជាមួយប្រទេសចិន ដែលជាទីផ្សារធំលំដាប់ទីពីររបស់ពិភពលោក។

លោករដ្ឋមន្ត្រីបាននិយាយថា ទំនិញដែលនាំចេញទៅកាន់ប្រទេសចិននោះ រួមមានមឹកចំនួន ១៨៩តោន ត្រីធូណាចំនួន ២៧តោន និងត្រីហ្វឺនចំនួន ២៧តោន ដែលមានតម្លៃសរុប ១៨,៧ប៊ីលានរូពៀ (ប្រហែល ១,២លានដុល្លារអាម៉េរិក)។

យោងតាមលោក ត្រេងហ្គោណូ បានឱ្យដឹងថា ប្រទេសចិន គឺជាទីផ្សារដ៏មានសក្តានុពលសម្រាប់ផលិតផលជលផល។ ក្រុមហ៊ុននាំចេញអាហារសមុទ្រឥណ្ឌូណេស៊ីបានទទួលវិញ្ញាបនបត្រធានាគុណភាព (SKP) ដើម្បីអាចចូលទៅក្នុងទីផ្សារប្រទេសចិនបាន។

លោក​បាន​និយាយ​ថា ការ​នាំ​ចេញជា​លើក​ដំបូងនេះ​នឹង​ជួយ​ចាប់​ផ្តើម​អនាគត​នៃ​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ខ្លាំង​រវាងប្រទេស​ឥណ្ឌូណេស៊ី និង​ចិន​ក្នុង​វិស័យ​ជលផល។ សហគ្រាសចិនជាច្រើនបានបង្ហាញពីចេតនារបស់ពួកគេក្នុងការស្វែងយល់អំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសឥណ្ឌូណេស៊ី៕

ប្រភព៖ AKP