បរទេស៖ ប្រទេសថៃ និងចិន កំពុងធ្វើជាសហម្ចាស់ផ្ទះនៃកម្មវិធីពិព័រណ៍បច្ចេកវិទ្យាបៃតងឆ្នាំ២០២៣ នៅទីក្រុងបាងកក ចាប់ពីថ្ងៃទី០៩-១២ ខែវិច្ឆិកា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្ហាញពីសមិទ្ធិផលក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងអព្យាក្រឹតភាពកាបូន។
ដោយត្រូវបានរៀបចំដោយសមាគមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថៃ-ចិន និងក្រុមប្រឹក្សាចិនសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ (សៀងហៃ) កម្មវិធីពិព័រណ៍បច្ចេកវិទ្យាបៃតងដែលធ្វើឡើងលើផ្ទៃដីទំហំ ១០.០០០ម៉ែត្រក្រឡានោះ បានបង្ហាញពីបច្ចេកវិទ្យាបៃតងទំនើប និងគំរូឧស្សាហកម្មពីប្រទេសចិន ថៃ និងបណ្តាប្រទេសផ្សេងទៀតនៅតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងគាំទ្រការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ក៏ដូចជាការចែករំលែកឱកាស និងការយល់ដឹងអំពីបដិវត្តន៍បៃតង។
កម្មវិធីនោះមានលក្ខណៈពិសេសជាច្រើននៃការបង្ហាញដែលគ្របដណ្តប់ទៅលើការធ្វើដំណើរបៃតង ថាមពលបៃតង ដំណោះស្រាយគ្រប់គ្រងកាកសំណល់ និងផលិតផលបៃតង។
យោងតាមមជ្ឈមណ្ឌលសហប្រតិបត្តិការនវានុវត្តន៍វិទ្យាសាស្ត្រចិន (បាងកក) ព្រឹត្តិការណ៍នោះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តចំពោះបច្ចេកវិទ្យាបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដែលបានកំណត់កម្មវិធីពិព័រណ៍នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការលើកកម្ពស់បច្ចេកវិទ្យាបៃតង៕
ប្រភព៖ AKP