បរទេស៖ តុលាការប្រឆាំងអំពើពុករលួយរបស់ប្រទេសឥណ្ឌូណេស៊ី បានកាត់ទោសអតីតរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងព័ត៌មានវិទ្យា លោក ចននី ជើរ៉ាដ ភ្លេត កាលពីពេលថ្មីៗនេះឱ្យជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ ជុំវិញករណីពុករលួយទាក់ទងនឹងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេវាអ៊ីនធើណេតនៅតំបន់ដាច់ស្រយាល។
តុលាការក៏បានស្នើសុំឱ្យលោក ភ្លេត សងប្រាក់វិញចំនួន ១៥,៥ប៊ីលានរូពៀ (ប្រហែល ៩៩០.០០០ដុល្លារអាម៉េរិក) នៅក្នុងមូលនិធិកេងបន្លំ និងការផាកពិន័យចំនួន ១ប៊ីលានរូពៀ សម្រាប់ករណីពុករលួយដែលធ្វើឱ្យរដ្ឋខាតបង់ថវិកាជាង ៨ទ្រីលានរូពៀ។
គម្រោងនេះបានចាប់ផ្តើមនៅចុងឆ្នាំ២០២០ ក្នុងគោលបំណងសាងសង់ស្ថានីយ៍បញ្ជូនទិន្នន័យមូលដ្ឋានសម្រាប់បណ្តាញអ៊ីនធើណេត 4G ដើម្បីផ្តល់សេវាទូរស័ព្ទចល័តដល់ភូមិរាប់ពាន់នៅតំបន់ដាច់ស្រយាលនៅទូទាំងប្រជុំកោះ។
ករណីពុករលួយនេះមានជនជាប់ចោទយ៉ាងតិច ៧នាក់ ដែលរួមមានមន្ត្រីក្រសួង អ្នកជំនាញ និងអាជីវករ៕
ប្រភព៖ AKP