បរទេស៖ រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក អ៊ែរឡាងហ្គា ហាតាតូ បានលើកឡើងអំពីហានិភ័យជាច្រើនដែលកើតចេញពីស្ថានភាពភូមិសាស្ត្រនយោបាយដែលមានលក្ខណៈមិនស្ថិតស្ថេរ ដែលនឹងប៉ះពាល់ដល់ប្រទេសសេដ្ឋកិច្ចធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សាការតាកាលពីពេលថ្មីៗនេះថា ស្ថានភាពភូមិសាស្ត្រនយោបាយដែលមិនច្បាស់លាស់នៅមជ្ឈិមបូព៌ា និងជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែន ក៏បានបន្ថែមទៅលើអស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសនេះផងដែរ។
លោក អ៊ែរឡាងហ្គា បាននិយាយថា រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងតាមដានយ៉ាងដិតដល់អំពីស្ថានភាពនេះ ហើយនឹងបន្តព្យាយាមកាត់បន្ថយហានិភ័យដែលកើតឡើងពីជម្លោះនៅមជ្ឈិមបូព៌ា។
លោកបានព្យាករថា ការកើនឡើងជាបន្តបន្ទាប់នេះនឹងប៉ះពាល់ដល់តម្លៃទំនិញជាច្រើនរួមទាំងប្រេងឥន្ធនៈផងដែរ ដោយលោកបាននិយាយបន្ថែមថា នៅពេលដែលកំណើនសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ ឥទ្ធិពលនៃការកើនឡើងតម្លៃនឹងកើតមានយ៉ាងខ្លាំង។
លោក អ៊ែរឡាងហ្គា ក៏បានលើកឡើងផងដែរអំពីបាតុភូតអាកាសធាតុអ៊ែលនីណូ ថាជាបញ្ហាប្រឈមចំពោះកំណើនសេដ្ឋកិច្ចពិភពលោក។
នៅពេលមុននេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោកស្រី ស្រ៊ី មូលីយ៉ានី ឥន្រ្តាវ៉ាទី បាននិយាយថា ពិភពលោកកំពុងប្រឈមមុខនឹងដំណាក់កាលប្រែប្រួលយ៉ាងខ្លាំង ដោយប្រទេសចិន សហរដ្ឋអាមេរិក និងអឺរ៉ុបកំពុងព្យាយាមគ្រប់គ្រងរដ្ឋសេដ្ឋកិច្ចរៀងៗខ្លួន៕
ប្រភព៖ AKP