ឡាវ និងម៉ុងហ្គោលី ពង្រឹងកិច្ចសហប្រតិបត្តិការ

0

បរទេស៖ មេដឹកនាំឡាវ និងម៉ុងហ្គោលី បានចុះហត្ថលេខាកាលពីពេលថ្មីៗនេះទៅលើឯកសារកិច្ចសហប្រតិបត្តិការចំនួន៧ ក្នុងគោលបំណងកសាងទំនាក់ទំនងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។

ពិធីចុះហត្ថលេខានៅទីក្រុងវៀងចន្ទន៍នោះ ត្រូវបានធ្វើជាសាក្សីដោយប្រធានាធិបតីឡាវ លោក ថងលូន ស៊ីសូលីត និងសមភាគីម៉ុងហ្គោលីដែលបានបំពេញទស្សនកិច្ចនៅប្រទេសឡាវ លោក Khuresukh Ukhnaa។

ភាគីទាំងពីរបានពិភាក្សាគ្នាអំពីវិធីពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាពិសេសទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ សុខាភិបាល កសិកម្ម វប្បធម៌ និងទេសចរណ៍។ ពួកគេក៏បានឯកភាពគាំទ្រគ្នាទៅវិញទៅមកលើឆាកតំបន់ និងអន្តរជាតិ ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរផងដែរ។

មេដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់អំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលកំពុងកើនឡើងក្នុងរយៈពេល ៦ទសវត្សរ៍កន្លងមកនេះ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៦២ ហើយបានព្រមព្រៀងគ្នាក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅ ជាពិសេសដោយរៀបចំឱ្យមានដំណើរទស្សនកិច្ចទៅវិញទៅមករបស់គណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសរបស់ពួកគេ និងគាំទ្រគ្នាទៅវិញទៅមកលើឆាកតំបន់ និងអន្តរជាតិ។

លោកប្រធានាធិបតី ថងលូន បានថ្លែងអំណរគុណចំពោះប្រទេសម៉ុងហ្គោលី ដែលបានគាំទ្រប្រទេសឡាវក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ហើយបានជម្រាបជូនភាគីម៉ុងហ្គោលីអំពីកម្មវិធីទស្សនាប្រទេសឡាវឆ្នាំ២០២៤ ដែលត្រូវបានរៀបចំឡើងដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យបានកាន់តែច្រើនពីជុំវិញពិភពលោក រួមទាំងពីប្រទេសម៉ុងហ្គោលីផងដែរ។

មេដឹកនាំឡាវរូបនោះបានអញ្ជើញក្រុមហ៊ុនធុរកិច្ចនៅម៉ុងហ្គោលីឱ្យវិនិយោគលើវិស័យដែលមានសក្តានុពលក្នុងប្រទេសឡាវ ជាពិសេសវិស័យកសិកម្ម ភស្តុភារ និងការដឹកជញ្ជូនតាមផ្លូវដែកឡាវ-ចិន៕

ប្រភព៖ AKP