លោកជំទាវ ប្រាក់ ច័ន្ទណយ៖ ការផ្តល់ឱកាស និងការជំរុញភាពអង់អាចដល់ស្ត្រី គឺជាយន្តការសំខាន់ក្នុងការកាត់បន្ថយវិសមភាពយេនឌ័រ

0

ភ្នំពេញ៖ លោកជំទាវ ប្រាក់ ច័ន្ទណយ បានមានប្រសាសន៍ថា ការផ្តល់ឱកាស និងការជំរុញភាព អង់អាចដល់ស្ត្រី គឺជាយន្តការសំខាន់ក្នុងការកាត់បន្ថយវិសមភាពយេនឌ័រ ដើម្បីចូលរួមជំរុញ កំណើនសេដ្ឋកិច្ច លើកកម្ពស់គុណភាពជីវិត និងឈានទៅសម្រេចឱ្យបានចំណាត់ថ្នាក់ជា ប្រទេសមានប្រាក់ចំណូលមធ្យមនៅឆ្នាំ២០៣០  និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០។

នេះជាលើកឡើងរបស់ លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការ និងជាប្រធាន ក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ខណៈដែលលោកជំទាវ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ ការលើកកម្ពស់សមភាពយេនឌ័រ ការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងកុមារ តាមប្រព័ន្ធអនឡាញ ”  កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តតាកែវ។

ពិធីនេះ ក៏មានមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងលោក មាស អ៊ុយ នាយករដ្ឋបាលសាលាខេត្តតាកែវ លោកស្រី ម៉ម រតនា ប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវ និងមន្ត្រីរាជការនៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តចំនួន៤ រួមមាន ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តព្រះសីហនុ ព្រមទាំងសាខាប្រតិបត្តិករផ្តល់សេវាប្រៃសណីយ៍ និងសាខាប្រតិបត្តិករផ្ដល់សេវាអ៊ីនធឺណិត សរុបប្រមាណ ១០០រូប។

សិក្ខាសាលានេះ មានគោលបំណងចែករំលែកចំណេះដឹងជូនសិក្ខាកាម ជាមន្ត្រី រាជការមកពីមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត អង្គភាពពាក់ព័ន្ធក្នុងការចូលរួមលើក កម្ពស់សមភាពយេនឌ័រ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការទប់ស្កាត់អំពើហិង្សា លើស្ត្រី និងកុមារ តាមប្រព័ន្ធអនឡាញ ដោយផ្តោតលើប្រធានបទ៖ ការផ្សព្វផ្សាយ អនុសាសន៍១២ ចំណុច របស់ សម្តេចអគ្គមហាសេនាធីបតីតេជោ ហ៊ុន សែន និងអនុសាសន៍ ៦ ចំណុចរបស់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងការងារលើកកម្ពស់ សីលធម៌ សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ, ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, ស្ត្រីក្នុងភាពជា អ្នកដឹកនាំ, ការទប់ស្កាត់ អំពើហិង្សាលើស្ត្រី និងកុមារតាមប្រព័ន្ធអនឡាញ, និងការជំរុញ សកម្មភាពស្ត្រីក្នុងការចាប់យកជំនាញឌីជីថល។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានសំណូមពរដល់ថ្នាក់ដឹកនាំទាំងអស់ បន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីធ្វើឱ្យប្រសើរឡើងនូវសិទ្ធិ ឋានៈ តួនាទី និងជីវភាពរស់ នៅរបស់មន្ត្រីរាជការនារី នៅក្នុងអង្គភាពរបស់ខ្លួនតាមរយៈ៖ ១.បន្តលើកកម្ពស់សមធម៌ យេនឌ័រ ជំរុញភាពអង់អាចរបស់ស្ត្រីក្នុងសេដ្ឋកិច្ច    ក្នុងការបណ្តុះបណ្តាលបំពាក់បំប៉ន ជំនាញបច្ចេកទេស ដើម្បីបង្កើនសមត្ថភាពរបស់ស្ត្រីក្នុងការផ្តល់ឱកាស ដល់ស្ត្រីឱ្យទទួល បាននូវចំណេះដឹងជំនាញបច្ចេកទេសថ្មីៗបន្ថែមទៀត និង២.បន្តបង្កើនសមាមាត្រការចូលរួម របស់ស្ត្រីឱ្យបានកាន់តែច្រើនឡើង តាមរយៈការលើកកម្ពស់សិទ្ធិ និងឋានៈ របស់ស្ដ្រីក្នុងគ្រប់ ថ្នាក់ ដើម្បីឱ្យស្ត្រីបានចូលរួមកាន់តែសកម្មក្នុងការធ្វើសេចក្តីសម្រេចនានា។

ស្របជាមួយគ្នានេះ   លោកជំទាវ ប្រាក់ ច័ន្ទណយ បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ ក្រសួងដែលតែងតែឧបត្ថម្ភគាំទ្រក្នុងការលើកកម្ពស់សមភាពយេនឌ័រ ហើយ លោកជំទាវក៏បានថ្លែងអំណរគុណដល់វាគ្មិន ដែលបានចំណាយពេលក្នុងការចែករំលែកនូវ ចំណេះដឹង និងបទពិសោធន៍ថ្មីៗជូនសិក្ខាកាម និងមានសង្ឃឹមថា សិក្ខាកាមទាំងអស់ នឹងបានយល់ដឹងបន្ថែមនូវចំណុចសំខាន់ៗក្នុងការលើកកម្ពស់សមភាពយេនឌ័រ ព្រមទាំង បន្តផ្សព្វផ្សាយនៅតាមអង្គភាពរៀងៗខ្លួន ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិយើង ឱ្យកាន់តែរីកចម្រើនថែមទៀត៕

ប្រភព៖ AKP