រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 នឹងពិភាក្សាអំពីបញ្ហានៅមជ្ឈិមបូព៌ា និងអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំនៅទីក្រុងតូក្យូ

0

បរទេស៖ ក្រុមរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 បាននិងជួបប្រជុំគ្នានៅទីក្រុងតូក្យូពីថ្ងៃទី៧-៨ ខែវិច្ឆិកា ដើម្បីពិភាក្សាអំពីការកើនឡើងនៃភាពតានតឹងចុងក្រោយរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល និងស្ថានភាពជុំវិញបញ្ហានៅអ៊ុយក្រែន។

រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី យ៉ូកូ កាមីកាវ៉ា ដែលធ្វើជាប្រធាននៃកិច្ចប្រជុំនោះ ទើបតែវិលត្រឡប់មកពីដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ាកាលពីពេលថ្មីៗនេះ ដោយក្នុងអំឡុងពេលនោះ លោកស្រីបានទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ប៉ាឡេស្ទីន និងហ្ស៊កដានី ដើម្បីពិភាក្សាជាមួយសមភាគី។

មន្ត្រីក្រសួងការបរទេសជប៉ុនមួយរូបបានប្រាប់សារព័ត៌មានតាសស៍កាលពីថ្ងៃទី០២ ខែវិច្ឆិកាថា វាលឿនពេកក្នុងការពិភាក្សាដូចដែលលោកបាននិយាយថា ប្រទេសជប៉ុននឹងសម្របសម្រួលបញ្ហានេះជាមួយសម្ព័ន្ធមិត្តនៃក្រុមប្រទេស G7 របស់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ ប្រភពនោះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានក្យូដូថា ឯកសារដែលថ្កោលទោសចំពោះការវាយប្រហារភេរវកម្មរបស់ក្រុមហាម៉ាស់ និងការអំពាវនាវឱ្យមានបទឈប់បាញ់សម្រាប់គោលបំណងមនុស្សធម៌កំពុងត្រូវបានរៀបចំឡើង។

យោង​តាម​សារព័ត៌មាន​ក្យូដូ បានឱ្យដឹងថា កិច្ចប្រជុំ​ភាគច្រើន​នឹង​ផ្តោតសំខាន់ទៅ​លើបញ្ហានៅ​មជ្ឈិមបូព៌ា។ បណ្តាអ្នកការទូតកំពូលក៏នឹងពិភាក្សាគ្នាអំពីស្ថានភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជាការគាំទ្រឥតងាករេរបស់ក្រុមនោះសម្រាប់ប្រទេសអ៊ុយក្រែនផងដែរ។ បណ្តារដ្ឋមន្ត្រីការបរទេសនៅតំបន់អាស៊ីកណ្តាល និងមន្ត្រីការទូតកំពូលរបស់អ៊ុយក្រែន លោក ឌីមីទ្រី គូឡេបា នឹងចូលរួមកិច្ចពិភាក្សានោះដែរ៕

ប្រភព៖ AKP