បរទេស៖ លោកស្រី ឡាណា ហ្សាគី នូសសីបេហ៍ ឯកអគ្គរដ្ឋទូតអារ៉ាប់រួម និងជាតំណាងអចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នឹងជួបប្រជុំគ្នានៅថ្ងៃទី០៩ ខែវិច្ឆិកានេះ សម្រាប់សម័យប្រជុំបើកចំហ ស្តីពីដំណោះស្រាយជម្លោះនៅមជ្ឈិមបូព៌ា។
យោងតាមលោកស្រី បានឱ្យដឹងថា ប្រទេសចិនដែលជាប្រធានវិលជុំនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខែនេះ មានបំណងរៀបចំឱ្យបានទៀងទាត់ទាំងកិច្ចប្រជុំផ្លូវការ និងក្រៅផ្លូវការរបស់ UNSC ទាក់ទងនឹងគ្រោះមហន្តរាយមនុស្សធម៌នៅតំបន់ហ្គាហ្សាស្ទ្រីប។
លោកស្រី ឡាណា ហ្សាគី នូសសីបេហ៍ ក៏បានបញ្ជាក់ផងដែរថា សមាជិកទាំង១៥ នៃក្រុមប្រឹក្សា UNSC នឹងចូលរួមក្នុងការពិគ្រោះយោបល់ទៅលើឯកសារដោះស្រាយបញ្ហាជម្លោះនៅមជ្ឈិមបូព៌ា ដែលត្រូវបានស្នើឡើងដោយរដ្ឋជាសមាជិកមិនអចិន្ត្រៃយ៍ទាំង១០ របស់ស្ថាប័ននោះ។
កាលពីខែមុន ក្រុមប្រឹក្សា UNSC បានបរាជ័យក្នុងការអនុម័តសេចក្តីព្រាងដំណោះស្រាយណាមួយក្នុងចំណោមសេចក្តីសម្រេចទាំង៤ ស្តីពីជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល។ សមាជិកមិនអចិន្ត្រៃយ៍ទាំង១០ នៃក្រុមប្រឹក្សា UNSC បានធ្វើសេចក្តីព្រាងឯកសារផ្ទាល់ខ្លួនរបស់ពួកគេ ដែលត្រូវបានគេរំពឹងថានឹងបញ្ចូលនូវបទប្បញ្ញត្តិនានាពីសេចក្តីព្រាងដំណោះស្រាយពីមុន។
ភាពតានតឹងបានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ាកាលពីថ្ងៃទី០៧ ខែតុលា នៅពេលដែលពួកសកម្មប្រយុទ្ធមកពីក្រុមរ៉ាឌីកាល់ប៉ាឡេស្ទីនហាម៉ាស់ដែលមានមូលដ្ឋាននៅហ្គាហ្សាស្ទ្រីប បានធ្វើការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយចូលទៅក្នុងទឹកដីអ៊ីស្រាអែលពីតំបន់ហ្គាហ្សា។ ក្រុមហាម៉ាស់បានពណ៌នាអំពីការវាយប្រហាររបស់ខ្លួនថា ជាការឆ្លើយតបទៅនឹងសកម្មភាពឈ្លានពានរបស់អាជ្ញាធរអ៊ីស្រាអែលប្រឆាំងនឹងវិហារអ៊ីស្លាមអាល់-អាកសា នៅលើប្រាសាទភ្នំក្នុងទីក្រុងចាស់របស់ក្រុងយេរុយសាឡឹម។
ជាការឆ្លើយតប អ៊ីស្រាអែលបានប្រកាសបិទផ្លូវទាំងស្រុងនៃតំបន់ហ្គាហ្សាស្ទ្រីប ដែលជាជម្រករបស់ជនជាតិប៉ាឡេស្ទីនចំនួន ២,៣លាននាក់ ហើយបានចាប់ផ្តើមការវាយប្រហារតាមអាកាសទៅលើតំបន់ជុំវិញ និងផ្នែកខ្លះនៃប្រទេសលីបង់ និងស៊ីរី។ ការប៉ះទង្គិចគ្នាក៏កំពុងកើតមាននៅក្នុងតំបន់វេសប៊ែងដែរ៕
ប្រភព៖ AKP