ចិនឈរនៅគោលជំហរយុត្តិធម៌ជុំវិញបញ្ហាជម្លោះនៅមជ្ឈិមបូព៌ា

0

បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនប៊ីន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ទីក្រុងប៉េកាំងតែងតែឈរនៅគោលជំហរសន្តិភាព និងយុត្តិធម៌ ទាក់ទងនឹងជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។

លោកបាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណើពីសារព័ត៌មានតាសស៍ សម្រាប់មតិយោបល់ទៅលើការអំពាវនាវរបស់សហភាពអឺរ៉ុបចំពោះប្រទេសចិនដើម្បីមានឥទ្ធិពលទៅលើក្រុមហាម៉ាស់ និងអ៊ីរ៉ង់ ក្នុងការជៀសវាងការកើនឡើងភាពតានតឹងនៅមជ្ឈិមបូព៌ាថា «ចំពោះបញ្ហាជម្លោះរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន ប្រទេសចិនតែងតែឈរនៅខាងសន្តិភាព និងយុត្តិធម៌។ យើងបានរក្សាការទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ»។

លោក វ៉ាង បាននិយាយថា «យើងកំពុងធ្វើការងារយ៉ាងខ្លាំងដើម្បីបញ្ឈប់ភ្លើង និងការផ្ទុះ។ យើងអំពាវនាវឱ្យមានការស្ដារឡើងវិញនូវសន្តិភាព»។

លោកបានសង្កត់ធ្ងន់ថា បណ្តាប្រទេសនៅក្រៅតំបន់មជ្ឈិមបូព៌ា ជាពិសេសប្រទេសមហាអំណាច គួរតែមានគោលបំណង និងមិនលំអៀង ហើយរួមគ្នាដើរតួនាទីស្ថាបនាដើម្បីបន្ធូរបន្ថយភាពតានតឹង។

ចំពោះបញ្ហានៅមជ្ឈិមបូព៌ា ប្រទេសចិនបានអនុគ្រោះដល់ការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ ដែលទទួលបាននូវអធិបតេយ្យភាពពេញលេញនៅក្នុងព្រំដែនឆ្នាំ១៩៦៧ ជាមួយទីក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន។

កាលពីថ្ងៃចន្ទ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ូស៊ូឡា វ៉ុន​ ដឺរ លេយ៉េន បាននិយាយនៅក្នុងសន្និសីទប្រចាំឆ្នាំរបស់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថា ប្រទេសចិនគួរតែប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនទៅលើក្រុមហាម៉ាស់ និងអ៊ីរ៉ង់ ដើម្បីជៀសវាងការកើនឡើងភាពតានតឹងនៅមជ្ឈិមបូព៌ា៕

ប្រភព៖ AKP