រុស្សី និងមីយ៉ានម៉ា ចាប់ផ្តើមសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅសមុទ្រអាន់ដាម៉ាន់

0

បរទេស៖ ប្រទេសមីយ៉ានម៉ា និងរុស្ស៊ី បានចាប់ផ្តើមសមយុទ្ធកងទ័ពជើងទឹករួមគ្នាមួយនៅដែនទឹកភាគខាងជើងនៃសមុទ្រអាន់ដាម៉ាន់ កាលពីថ្ងៃទី៧ ខែវិច្ឆិកា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានប្រចាំថ្ងៃ Global New Light របស់រដ្ឋមីយ៉ាន់ម៉ា។

កាសែតនេះបាននិយាយថា សមយុទ្ធដែលពាក់ព័ន្ធនឹងកងនាវាប៉ាស៊ីហ្វិករបស់រុស្ស៊ី និងកងទ័ពជើងទឹកមីយ៉ាន់ម៉ា នឹងបន្តរហូតដល់ថ្ងៃទី០៩ ខែវិច្ឆិកា ដោយបាននិយាយបន្ថែមថា វារួមបញ្ចូលទាំងសមយុទ្ធពីលើអាកាស និងក្រោមទឹក និងសមយុទ្ធសន្តិសុខដែនសមុទ្រជាមួយនឹងការបាញ់ផ្ទាល់តែម្តង។

នាវាចម្បាំងរុស្ស៊ីដែលផ្ទុកនាវិកសរុប ៨០០នាក់ បានទៅដល់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី០២ ខែវិច្ឆិកា ដើម្បីធ្វើសមយុទ្ធសន្តិសុខដែនសមុទ្រលើកដំបូងរវាងមីយ៉ាន់ម៉ា-រុស្ស៊ី និងបំពេញទស្សនកិច្ចមិត្តភាពទៅកាន់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ។

កាសែតនោះបាននិយាយថា មេទ័ពជើងទឹករុស្ស៊ី លោកឧត្តមនាវីឯក នីកូឡៃ យ៉េវម៉េណូវ បានជួបជាមួយប្រមុខយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង មុនពេលធ្វើសមយុទ្ធរួម។

ជាការប្រុងប្រយ័ត្នចំពោះសុវត្ថិភាព កងទ័ពជើងទឹកមីយ៉ាន់ម៉ាបានព្រមានថា នាវានឹងត្រូវដាក់កម្រិតក្នុងរង្វង់ ៨គីឡូម៉ែត្រនៃតំបន់សមយុទ្ធ ហើយយន្តហោះត្រូវបានណែនាំមិនឱ្យហោះហើរក្រោមរយៈកម្ពស់ ៤,៥គីឡូម៉ែត្រក្នុងអំឡុងពេលថ្ងៃហ្វឹកហាត់នោះទេ៕

ប្រភព៖ AKP