រុស្ស៊ីនឹងបន្តកាត់បន្ថយការនាំចេញប្រេងដោយស្ម័គ្រចិត្តចំនួន ៣០០.០០០បារ៉ែលក្នុងមួយថ្ងៃរហូតដល់ចុងឆ្នាំ

0

បរទេស៖ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក អាឡិចសាន់ដឺរ ណូវ៉ាក់ បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសរុស្ស៊ីនឹងបន្តកាត់បន្ថយការនាំចេញប្រេងដោយស្ម័គ្រចិត្តបន្ថែមចំនួន ៣០០.០០០បារ៉ែលក្នុងមួយថ្ងៃរហូតដល់ចុងឆ្នាំនេះ។

លោកបាននិយាយថា «ប្រទេសរុស្ស៊ីនឹងបន្តកាត់បន្ថយការផ្គត់ផ្គង់ប្រេង និងផលិតផលប្រេងរបស់ខ្លួនដោយស្ម័គ្រចិត្តទៅកាន់ទីផ្សារពិភពលោកចំនួន ៣០០.០០០បារ៉ែលក្នុងមួយថ្ងៃ ដែលចូលជាធរមានក្នុងខែកញ្ញា និងខែតុលា ឆ្នាំ២០២៣ រហូតដល់ចុងខែធ្នូ ឆ្នាំ២០២៣» ដោយលោកបាននិយាយបន្ថែមថា ការវិភាគទីផ្សារនឹងធ្វើរួចរាល់នៅខែក្រោយដើម្បីធ្វើការសម្រេចចិត្តទៅលើការបន្តកាត់បន្ថយការផលិតប្រេង ឬបង្កើនការផលិតប្រេង។ វិធានការនេះបន្ថែមទៅលើការកាត់បន្ថយផលិតកម្មប្រេងដោយស្ម័គ្រចិត្តចំនួន ៥០០.០០០បារ៉ែលក្នុងមួយថ្ងៃដែលត្រូវបានប្រកាសដោយប្រទេសរុស្ស៊ីនៅក្នុងខែមេសា ឆ្នាំ២០២៣ ហើយនឹងបន្តរហូតដល់ចុងខែធ្នូ ឆ្នាំ២០២៤។

យោងតាមលោក ណូវ៉ាក់ បានឱ្យដឹងថា ការកាត់បន្ថយបន្ថែមនេះ គឺសំដៅពង្រឹងវិធានការ OPEC+ ដើម្បីរក្សាស្ថិរភាព និងតុល្យភាពនៅលើទីផ្សារប្រេង។

ប្រទេសរុស្ស៊ីបានចាប់ផ្តើមកាត់បន្ថយការផលិតប្រេងដោយស្ម័គ្រចិត្តចំនួន ៥០០.០០០បារ៉ែលក្នុងមួយថ្ងៃនៅក្នុងខែមីនា។ រយៈពេលនៃការកាត់បន្ថយផលិតកម្មនោះត្រូវបានបន្តជាច្រើនដង ទីបំផុតរហូតដល់ចុងឆ្នាំ២០២៣។ បន្ទាប់ពីកិច្ចប្រជុំ OPEC+ កាលពីថ្ងៃទី០៤ ខែមិថុនា នៅទីក្រុងវីយែន ការកាត់បន្ថយផលិតកម្មប្រេងត្រូវបានបន្តរហូតដល់ចុងឆ្នាំ២០២៤។

ទន្ទឹមនឹងនោះដែរ ប្រទេសរុស្ស៊ីបានសម្រេចចិត្តកាត់បន្ថយការនាំចេញប្រេងទៅកាន់ទីផ្សារពិភពលោក ដោយបន្ថែម ៥០០.០០០បារ៉ែលក្នុងមួយថ្ងៃក្នុងខែសីហា ហើយបានចាប់ផ្តើមកាត់បន្ថយការនាំចេញចំនួន ៣០០.០០០បារ៉ែលក្នុងមួយថ្ងៃក្នុងខែកញ្ញា នៅពេលដែលវិធានការនេះត្រូវបានបន្តរហូតដល់ដំណាច់ឆ្នាំ៕

ប្រភព៖ AKP