ឥណ្ឌូណេស៊ី​មាន​បំណង​ក្លាយ​ជា​ជង្រុក​ស្បៀងអាហារ​ពិភពលោក​នៅក្នុង​ឆ្នាំ​២០២៨

0

បរទេស៖ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អាន់ឌី អាំរ៉ាន់ ស៊ូឡៃម៉ាន់ បានសម្តែងសុទិដ្ឋិនិយមថា ប្រទេសឥណ្ឌូណេស៊ីនឹងក្លាយទៅជាជង្រុកស្បៀងអាហារពិភពលោកនៅក្នុងឆ្នាំ២០២៨ ហើយប្តេជ្ញាបំប្លែងតំបន់វាលភក់ឱ្យទៅជាដីកសិកម្ម។

ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយកាលពីពេលថ្មីៗនេះនៅទីក្រុងហ្សាការតា លោក អាំរ៉ាន់ បាននិយាយថា ប្រទេសឥណ្ឌូណេស៊ីនឹងអភិវឌ្ឍតំបន់វាលភក់ឱ្យក្លាយទៅជាដីកសិកម្មជាមួយនឹងគោលដៅចំនួន ១លានហិកតានៅក្នុងឆ្នាំក្រោយ។

លោកបាននិយាយថា តំបន់នេះនឹងជួយផលិតអង្ករចំនួន ២,៥លានតោនក្នុងមួយឆ្នាំ ក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការនាំចូល ដោយលោកបានកត់សម្គាល់ថា គោលដៅនេះនឹងកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីប្រែក្លាយប្រទេសឥណ្ឌូណេស៊ីឱ្យទៅជាជង្រុកស្បៀងអាហារពិភពលោកនៅអំឡុងឆ្នាំ២០២៩-២០៣៣។

លោក អាំរ៉ាន់ ដែលបានបម្រើការជារដ្ឋមន្ត្រីក្រសួងកសិកម្មក្នុងឆ្នាំ២០១៤-២០១៩ ហើយត្រូវបានតែងតាំងម្តងទៀតនៅថ្ងៃទី២៥ ខែតុលា គ្រោងនឹងអភិវឌ្ឍន៍ផ្ទៃដីកសិកម្មចំនួន ៦លានហិកតា ដើម្បីផលិតអង្ករឱ្យចំនួន ៨០លានតោន។

មន្ត្រី​រូប​នោះ​បាន​និយាយ​ថា ក្រសួង​កសិកម្ម​ឥណ្ឌូណេស៊ី​បាន​ស្នើ​ថវិកា​បន្ថែម​ដើម្បី​សម្រេច​កម្មវិធី​នេះ។

ប្រទេសឥណ្ឌូណេស៊ីពិតជាមានសក្តានុពលខ្លាំងក្នុងការប្រើប្រាស់ដីវាលភក់ជាដីកសិកម្ម ដែលភាគច្រើននៅក្នុងខេត្តស៊ូម៉ាត្រាខាងត្បូង កាលីម៉ាន់តាន់ខាងត្បូង កាលីម៉ាន់តាន់ខាងលិច និងកាលីម៉ាន់តាន់កណ្តាល៕

ប្រភព៖ AKP