បរទេស៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលប៉ាឡេស្ទីន លោកស្រី ម៉ៃ អាល់-កៃឡា បានអំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់វិធានការដើម្បីអនុញ្ញាតឱ្យមានការនាំចូលឱសថ និងប្រេងឥន្ធនៈសម្រាប់មន្ទីរពេទ្យនៅតំបន់ហ្គាហ្សាស្ទ្រីប។
ទីភ្នាក់ងារសារព័ត៌មានវ៉ាហ្វារបស់ប៉ាឡេស្ទីន បានដកស្រង់សម្តីរបស់លោកស្រីដែលបាននិយាយថា «សហគមន៍អន្តរជាតិ និងអង្គការមនុស្សធម៌ត្រូវតែធ្វើអន្តរាគមន៍ភ្លាមៗ ដើម្បីបើកច្រកព្រំដែនរ៉ាហ្វាហ៍ជាមួយអេហ្ស៊ីប និងអនុញ្ញាតឱ្យមានការនាំចូលឱសថ និងប្រេងឥន្ធនៈសម្រាប់មន្ទីរពេទ្យនានានៅតំបន់ហ្គាហ្សា»។
យោងតាមលោកស្រី អាល់-កៃឡា បានឱ្យដឹងថា ប្រទេសអ៊ីស្រាអែលបន្តកំណត់គោលដៅទៅលើមន្ទីរពេទ្យនៅតំបន់ហ្គាហ្សា។ លោកស្រីរដ្ឋមន្ត្រីបានពណ៌នាការចោទប្រកាន់របស់អាជ្ញាធរអ៊ីស្រាអែលដែលថា មន្ទីរពេទ្យទាំងនោះត្រូវបានប្រើប្រាស់ដោយក្រុមរ៉ាឌីកាល់ ដោយអ៊ីស្រាអែលព្យាយាមស្វែងរកលេសសម្រាប់ការទម្លាក់គ្រាប់បែក៕
ប្រភព៖ AKP