បរទេស៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសថៃ លោក ប៉ានព្រី បាហ៊ីដដា-នូការ៉ា តំណាងឱ្យរាជរដ្ឋាភិបាលថៃ បានបន្ថែមវិភាគទានចំនួន ៣លានបាត (៨៤.៥៣០ដុល្លារអាម៉េរិក) ដល់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) ។
ការចូលរួមចំណែកនេះ បានធ្វើឡើងក្នុងការឆ្លើយតបទៅនឹងកម្មវិធី «UNRWA Flash Appeal៖ ការឆ្លើយតបចំពោះគ្រាអាសន្នដំបូងរយៈពេល ៩០ថ្ងៃនៃការកើនឡើងភាពតានតឹងនៅតំបន់ហ្គាហ្សាស្ទ្រីប ក្នុងខែតុលា ឆ្នាំ២០២៣»។ ការបរិច្ចាគនេះត្រូវបានទទួលដោយលោក Giuseppe De Vincentiis អ្នកសម្របសម្រួលបណ្តោះអាសន្នសម្រាប់អង្គការសហប្រជាជាតិ ក្នុងនាមទីភ្នាក់ងារ UNRWA ។
ប្រទេសថៃបាននិងកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពនៅតំបន់ហ្គាហ្សាស្ទ្រីប ដោយមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់របស់វាទៅលើជនស៊ីវិលស្លូតត្រង់។ ជាមួយនឹងការបរិច្ចាកនេះ ប្រទេសថៃប្រាថ្នាចង់សម្រាលទុក្ខលំបាករបស់ប្រជាជនប៉ាឡេស្ទីនដែលត្រូវការជំនួយចាំបាច់ ដូចជាអាហារ ទឹក ថាមពល ការផ្គត់ផ្គង់ពេទ្យ និងទីជំរកសមរម្យនៅតំបន់ហ្គាហ្សា។
ក្នុងនាមជាសមាជិកដែលមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ ប្រទេសថៃបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះជំនួយមនុស្សធម៌ ដោយធ្លាប់ជាអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ទីភ្នាក់ងារ UNRWA តាំងពីឆ្នាំ១៩៧៨ មក។ វិភាគទានចុងក្រោយបង្អស់នេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរយៈពេលជាច្រើនឆ្នាំបន្តបន្ទាប់របស់ប្រទេសថៃចំពោះការរួមចំណែកដោយស្ម័គ្រចិត្តដល់ទីភ្នាក់ងារ UNRWA ដែលមានរយៈពេលជាច្រើនឆ្នាំកន្លងមក ដោយចាប់ពីឆ្នាំ២០២២-២០២៦ ជាមួយនឹងការប្តេជ្ញាចិត្តសរុបចំនួន ២០០.០០០ដុល្លារអាម៉េរិក ហើយការបន្តនៃការសន្យាពីមុនចាប់ពីឆ្នាំ២០១៧-២០២១ ក៏បានចូលរួមចំណែកក្នុងចំនួនទឹកប្រាក់ដូចគ្នានេះដែរ។
លោក ស៊ូផាក ព្រុងធូរ៉ា ឯកអគ្គរដ្ឋទូតថៃប្រចាំប្រទេសហ្ស៊កដានី បានបង្ហាញការរួមចំណែកដ៏គួរឱ្យកត់សម្គាល់នេះដល់ទីភ្នាក់ងារ UNRWA នៅប្រទេសហ្ស៊កដានី កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣៕
ប្រភព៖ AKP