​ ឥណ្ឌូណេស៊ី និងសិង្ហបុរី ពង្រីកការរៀបចំហិរញ្ញវត្ថុទ្វេភាគី

0

បរទេស៖ ធនាគារឥណ្ឌូណេស៊ី (BI) និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានប្រកាសពីការបន្តកិច្ចព្រមព្រៀងហិរញ្ញវត្ថុទ្វេភាគីរបស់ពួកគេក្នុងរយៈពេលមួយឆ្នាំរហូតដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤។

កិច្ចព្រមព្រៀងទ្វេភាគីដែលគាំទ្រដោយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ និងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង ត្រូវបានបង្កើតឡើងរវាងធនាគារ BI និងអាជ្ញាធរ MAS ក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីការកិច្ចពិភាក្សារបស់មេដឹកនាំឥណ្ឌូណេស៊ី-សិង្ហបុរី។ ចាប់តាំងពីពេលនោះមក វាត្រូវបានបន្តជារៀងរាល់ឆ្នាំជាមួយនឹងការបន្ថែមពង្រីកចុងក្រោយបំផុតកាលពីក្នុងខែវិច្ឆិកា ឆ្នាំ២០២២។

កិច្ចព្រមព្រៀងនេះរួមមាន កិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណក្នុងស្រុកទ្វេភាគីដែលអនុញ្ញាតឱ្យមានការផ្លាស់ប្តូររូបិយប័ណ្ណក្នុងស្រុករវាងធនាគារកណ្តាលទាំងពីររហូតដល់ ៩,៥ប៊ីលានសិង្ហបុរី ឬ ១០០ទ្រីលានរូពៀ (៧,០៣ប៊ីលានដុល្លារអាម៉េរិក) ជារៀងរាល់ឆ្នាំ និងកិច្ចព្រមព្រៀងទ្វេភាគីចំនួន ៣ប៊ីលានដុល្លារអាម៉េរិក ដែលអនុញ្ញាតឱ្យមានប្រតិបត្តិការទិញវិញរវាងធនាគារកណ្តាលទាំងពីរដើម្បីទទួលបានសាច់ប្រាក់ជាដុល្លារអាម៉េរិក ដោយប្រើប័ណ្ណរដ្ឋាភិបាល G3 (សហរដ្ឋអាមេរិក ជប៉ុន និងអាល្លឺម៉ង់) ជាវត្ថុបញ្ចាំ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីពេលថ្មីៗនេះ ធនាគារ BI បានសង្កត់ធ្ងន់ថា ការពង្រីកលើកទី៥ នេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ BI និងអាជ្ញាធរ MAS ក្នុងការបន្តការគាំទ្រគ្នាទៅវិញទៅមក ដើម្បីកសាងទំនុកចិត្តនៅក្នុងស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ៕

ប្រភព៖ AKP