បរទេស៖ ទីភ្នាក់ងារសារព័ត៌មានវ៉ាហ្វារបស់ប៉ាឡេស្ទីន បាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ៥១នាក់ត្រូវបានសម្លាប់ ដែលជាលទ្ធផលនៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលប្រឆាំងនឹងជំរុំជនភៀសខ្លួនអាល់-ម៉ាកហាហ្ស៊ី នៅផ្នែកកណ្តាលនៃតំបន់ហ្កាហ្សាស្រ្ទីប។
ទីភ្នាក់ងារសារព័ត៌មាន វ៉ាហ្វា បានជូនដំណឹងថា កងទ័ពអាកាសអ៊ីស្រាអែលបានវាយប្រហារទៅលើអគារលំនៅដ្ឋានមួយនៅក្នុងជំរុំជនភៀសខ្លួនកាលពីល្ងាចថ្ងៃសៅរ៍សប្តាហ៍មុន។ ទីភ្នាក់ងារព័ត៌មាននោះបានកត់សម្គាល់ថា ជនរងគ្រោះភាគច្រើនជាស្ត្រី និងកុមារ។ ព័ត៌មានក៏ត្រូវបានទទួលផងដែរអំពីជនរងគ្រោះរាប់សិបនាក់ ដែលភាគច្រើន ពួកគេនៅតែស្ថិតក្រោមគំនរបាក់បែក។
ការវាយប្រហារក៏ត្រូវបានធ្វើឡើងប្រឆាំងនឹងសង្កាត់លំនៅឋាននៅភាគខាងជើង និងខាងលិចនៃតំបន់ប៉ាឡេស្ទីន ក្រៅពីជំរុំអាល់-ម៉ាកហាហ្ស៊ី ផងដែរ។
ភាពតានតឹងបានផ្ទុះឡើងនៅមជ្ឈិមបូព៌ា បន្ទាប់ពីពួកសកម្មប្រយុទ្ធហាម៉ាស់មកពីតំបន់ហ្កាហ្សាស្ទ្រីបបានវាយប្រហារទឹកដីអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា នៅពេលដែលជនជាតិអ៊ីស្រាអែលជាច្រើនដែលរស់នៅក្បែរព្រំដែនត្រូវបានសម្លាប់ ហើយមនុស្សជាង ២០០នាក់រួមទាំងកុមារ ស្ត្រី និងមនុស្សចាស់ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។ ក្រុមហាម៉ាស់ចាត់ទុកការវាយប្រហាររបស់ខ្លួន ថាជាការឆ្លើយតបទៅនឹងការអនុវត្តរបស់អាជ្ញាធរអ៊ីស្រាអែលប្រឆាំងនឹងវិហារអ៊ីស្លាមអាល់-អាកសា ក្នុងទីក្រុងហ្សេរុយសាឡឹម។ ប្រទេសអ៊ីស្រាអែលបានប្រកាសបិទច្រកតំបន់ហ្កាហ្សាទាំងស្រុង ហើយបានបើកការទម្លាក់គ្រាប់បែកទៅលើតំបន់ជុំវិញ និងតំបន់មួយចំនួនក្នុងប្រទេសលីបង់ និងស៊ីរី៕
ប្រភព៖ AKP