បរទេស៖ ក្រសួងសម្រាប់គ្រាអាសន្នរបស់រុស្ស៊ី បាននិយាយថា ប្រទេសរុស្ស៊ីបានបញ្ជូនជំនួយមនុស្សធម៌កញ្ចប់ទី៣ ទៅឱ្យប្រជាជននៅតំបន់ហ្កាហ្សា។
ក្រសួងនោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យន្តហោះពិសេសចំនួន ២គ្រឿងរបស់ក្រសួងសម្រាប់គ្រាអាសន្នរបស់រុស្ស៊ី នឹងដឹកជញ្ជូនទំនិញជំនួយមនុស្សធម៌ចំនួន ៦០តោនសម្រាប់ពលរដ្ឋនៃតំបន់ហ្កាហ្សាស្ទ្រីប។ យន្តហោះ Il-76 របស់ក្រសួងសម្រាប់គ្រាអាសន្ន បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិហ្រ្កុនហ្ស៍នី ទៅកាន់សាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប»។
នេះជាជំនួយមនុស្សធម៌លើកទី៣ ដល់ប្រជាជននៅតំបន់ហ្កាហ្សា ដែលរុស្ស៊ីបានបញ្ជូនទៅបន្ទាប់ពីស្ថានការណ៍ក្នុងតំបន់កាន់តែតានតឹង។ នៅពេលមុននេះ យន្តហោះរបស់ក្រសួងសម្រាប់គ្រាអាសន្នបានដឹកជញ្ជូនទំនិញដែលមានចំនួន ៥៥តោន។
ភាពតានតឹងបានផ្ទុះឡើងសារជាថ្មីម្តងទៀតនៅមជ្ឈិមបូព៌ា នៅពេលដែលក្រុមសកម្មប្រយុទ្ធមកពីចលនាប៉ាឡេស្ទីនរ៉ាឌីកាល់ហាម៉ាស់បានធ្វើការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយទៅលើទឹកដីអ៊ីស្រាអែលពីតំបន់ហ្កាហ្សាស្ទ្រីប។ ក្រុមហាម៉ាស់បានពណ៌នាចំពោះការវាយប្រហាររបស់ខ្លួនថា ជាការឆ្លើយតបទៅនឹងសកម្មភាពឈ្លានពានរបស់អាជ្ញាធរអ៊ីស្រាអែលប្រឆាំងនឹងវិហារអ៊ីស្លាមអាល់-អាកសា ក្នុងទីក្រុងហ្សេរុយសាឡឹម។ ប្រទេសអ៊ីស្រាអែលបានប្រកាសបិទច្រកទាំងអស់នៃតំបន់ហ្កាហ្សាទាំងស្រុង ហើយបាននិងកំពុងវាយប្រហារទៅលើតំបន់ហ្កាហ្សា ព្រមទាំងស្រុកមួយចំនួនក្នុងប្រទេសលីបង់ និងស៊ីរី។ ការប៉ះទង្គិចគ្នានោះក៏ត្រូវបានរាយការណ៍ផងដែរនៅក្នុងតំបន់វេសប៊ែង៕
ប្រភព៖ AKP