បរទេស៖ កាលពីពេលថ្មីៗនេះ ទីភ្នាក់ងារភស្តុភារជាតិនៃប្រទេសឥណ្ឌូណេស៊ី (Bulog) បានចុះហត្ថលេខាលើកិច្ចសន្យាសម្រាប់ការនាំចូលអង្ករចំនួន ១លានតោន ដែលជាផ្នែកមួយនៃកូតាបន្ថែមចំនួន ១,៥លានតោនដែលបានបម្រុងពីប្រទេសវៀតណាម ថៃ ប៉ាគីស្ថាន និងមីយ៉ាន់ម៉ា។
លោក ម៉ុកហាម៉ាដ ស៊ូយ៉ាមតូ នាយកបណ្តាញផ្គត់ផ្គង់ និងសេវាសាធារណៈនៃទីភ្នាក់ងារ Bulog បាននិយាយថា ការនាំចូលបន្ថែមនេះមានគោលបំណងពង្រឹងស្តុកអង្កររបស់រដ្ឋាភិបាលរហូតដល់ឆ្នាំ២០២៤ ដោយលោកបាននិយាយបន្ថែមថា ទីភ្នាក់ងារ Bulog នឹងនាំចូលអង្ករពីប្រទេសណាមួយដែលបំពេញតាមស្តង់ដារដែលត្រូវការ។
យោងតាមលោក បានឱ្យដឹងថា ទីភ្នាក់ងារ Bulog បច្ចុប្បន្នគ្រប់គ្រងស្តុកអង្ករចំនួន ១,៤៥លានតោន ដែលនឹងកើនឡើងដើម្បីបំពេញតម្រូវការចែកចាយសម្រាប់ឆ្នាំខាងមុខ និងរក្សាស្ថិរភាពអង្ករក្នុងស្រុក។
ចាប់តាំងពីដើមឆ្នាំនេះមក ទីភ្នាក់ងារ Bulog បានចែកចាយអង្ករសរុបចំនួន ៨៨៥.០០០តោន ដើម្បីរក្សាស្ថិរភាពទីផ្សារ និងអង្ករចំនួន ៨៤១.០០០តោនផ្សេងទៀត ដែលជាផ្នែកមួយនៃកម្មវិធីជំនួយស្បៀងអាហារសម្រាប់ជនក្រីក្រនៅទូទាំងប្រទេស នៅក្នុងអំឡុងពីខែកញ្ញាដល់ខែវិច្ឆិកា៕
ប្រភព៖ AKP