បរទេស៖ ប្រទេសម៉ាឡេស៊ី និងចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការចែករំលែកជំនាញ និងបទពិសោធន៍ក្នុងការដោះស្រាយអំពើភេរវកម្មជាសកល។ នេះបើយោងតាមការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកបណ្ឌិត អាម៉ាដ ហ្សាហ៊ីដ អាមីឌី។
ការព្រមព្រៀងនេះត្រូវបានសម្រេចក្នុងអំឡុងពេលនៃកិច្ចប្រជុំរយៈពេលជាងមួយម៉ោងកាលពីពេលថ្មីៗនេះរវាងលោក ហ្សាហ៊ីដ ជាមួយទីប្រឹក្សារដ្ឋរបស់ប្រទេសចិន និងជារដ្ឋមន្ត្រីសន្តិសុខសាធារណៈ លោក វ៉ាង ស៊ាវហុង ដែលកំពុងបំពេញទស្សនកិច្ចការងាររយៈពេល ៣ថ្ងៃនៅក្នុងប្រទេសម៉ាឡេស៊ី។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីកិច្ចប្រជុំ លោក ហ្សាហ៊ីដ បាននិយាយថា កិច្ចប្រជុំនោះបានផ្តល់ឱកាសមួយដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងការប្រឈមមុខនឹងបញ្ហានានាទាក់ទងនឹងសន្តិសុខពិភពលោកនៅក្នុងទ្វីបអាស៊ី និងពិភពលោកទាំងមូល។
យោងតាមមន្ត្រីម៉ាឡេស៊ី បានឱ្យដឹងថា ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាទៅលើបញ្ហាបច្ចុប្បន្ន និងអន្តរជាតិ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោក ហ្សាហ៊ីដ បានបញ្ជាក់ថា ប្រទេសម៉ាឡេស៊ីបានគាំទ្រចំពោះគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ពីព្រោះមានទំនុកចិត្តថា វានឹងនាំមកនូវអត្ថប្រយោជន៍ និងការពង្រីកឱ្យមានគម្រោងនានាបន្ថែមទៀតក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើម BRI នេះ៕
ប្រភព៖ AKP