បរទេស៖ ប្រទេសថៃបើកទូលាយសម្រាប់ការវិនិយោគពីបរទេស ហើយរដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយវិស័យឯកជន ដើម្បីដឹកនាំប្រទេសឆ្ពោះទៅរកអនាគតប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព។ នេះបើយោងតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក សេដ្ឋា ថាវីស៊ីន។
សារខាងលើត្រូវបានថ្លែងនៅក្នុងសុន្ទរកថារបស់លោក សេដ្ឋា ស្តីពី «ការកែទម្រង់សេដ្ឋកិច្ចថៃ ចំពេលមានវិបត្តិ» ដែលធ្វើឡើងក្នុងកម្មវិធីពិសារអាហារពេលល្ងាចរបស់ក្លឹបឧស្សាហកម្មបរទេស ដែលរៀបចំដោយសហព័ន្ធឧស្សាហកម្មថៃ។
យោងតាមសុន្ទរកថានោះ បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃបានកើនឡើងត្រឹមតែ ១,៨% ជាមធ្យមក្នុងមួយឆ្នាំ ហើយបំណុលគ្រួសារក៏បានកើនឡើងពី ៧៦% ក្នុងឆ្នាំ២០១២ ដល់ ៩១,៦% នៅក្នុងឆ្នាំនេះ។
សម្រាប់រយៈពេលបីត្រីមាសកន្លងមក ការនាំចេញរបស់ប្រទេសថៃបានធ្លាក់ចុះ ដោយសារតែអតិផរណាខ្ពស់ ការប្រាក់ខ្ពស់ ការចំណាយខ្ពស់នៃវត្ថុធាតុដើម និងថាមពល ព្រមទាំងការប្រកួតប្រជែងអន្តរជាតិខ្លាំង ជាពិសេសសម្រាប់ទំនិញ និងផលិតផលកសិកម្ម។
លោកបាននិយាយបន្ថែមថា អាទិភាពរបស់រដ្ឋាភិបាល គឺធ្វើឱ្យសេដ្ឋកិច្ចដើរតាមគន្លង និងរៀបចំប្រទេសជាតិឱ្យទទួលបានជោគជ័យនាពេលអនាគត ដោយកាត់បន្ថយការចំណាយនៃការរស់នៅ លើកទឹកចិត្តដល់ការចំណាយក្នុងស្រុក និងការពង្រីកការវិនិយោគ និងអាជីវកម្ម៕
ប្រភព៖ AKP