បរទេស៖ អង្គភាពប្រឆាំងភេរវកម្មរបស់ប៉ូលិសជាតិឥណ្ឌូណេស៊ី (Densus 88) បានចាប់ខ្លួនជនសង្ស័យចំនួន ២នាក់ដែលមានទំនាក់ទំនងជាមួយបណ្តាញ Jemaah Anshorut Daulah (JAD) ដែលមានទំនាក់ទំនងជាមួយក្រុមភេរវកររដ្ឋអ៊ីស្លាម (IS) ដែលប្រកាសដោយខ្លួនឯង។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីពេលថ្មីៗនេះ អធិការជាន់ខ្ពស់របស់ឥណ្ឌូណេស៊ី លោក អាសវីន ស៊ីរេហ្ការ បាននិយាយថា ជនសង្ស័យទាំងពីរនាក់ត្រូវបានចាប់ខ្លួននៅថ្ងៃទី១ ខែវិច្ឆិកា នៅក្នុងខេត្តកោះជ្វាខាងលិច ក្រោមការចោទប្រកាន់ពីបទសមគំនិតដើម្បីរំខានដល់ការបោះឆ្នោតជាសកលឆ្នាំ២០២៤។
យោងតាមលទ្ធផលនៃការស៊ើបអង្កេត បានឱ្យដឹងថា ពួកគេបានចូលរួមជាមួយក្រុមជាច្រើននៅក្នុងកម្មវិធីទំនាក់ទំនង WhatsApp ដែលរួមទាំងក្រុមរួបរួមមូស្ល៊ីម និងក្រុម Ummatan Wasathan ដែលក្រុមទាំងនោះ ពួកគេតែងតែចែករំលែកខ្លឹមសារទាក់ទងនឹងមនោគមវិជ្ជាជ្រុលនិយមដែលផ្តើមចេញពីក្រុម IS ។
ពួកគេក៏បានចូលរួមជាញឹកញាប់នៅក្នុងសកម្មភាពរៃអង្គាសប្រាក់ដោយមានចេតនារំខានដល់ការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ និងក្នុងការពិភាក្សាអំពីវិធីសាស្រ្តដើម្បីរារាំងការបោះឆ្នោតដែលបានធ្វើឡើងនៅក្នុងខែសីហា ឆ្នាំ២០២៣ ផងដែរ។
នៅពេលមុននេះ Densus 88 បានប្រកាសពីការចាប់ខ្លួនជនសង្ស័យសរុបចំនួន ៥៩នាក់ដែលជាសមាជិកនៃបណ្តាញភេរវករមួយចំនួន ដូចជាក្រុម Jemaah Islamiyah (JI) ក្រុម JAD និងក្រុម Anshor Daulah (AD) កាលពីក្នុងខែតុលា។ ពួកគេត្រូវបានគេចោទប្រកាន់ថា បានសមគំនិតក្នុងការរៀបចំផែនការវាយប្រហារសំដៅលើកងកម្លាំងសន្តិសុខ ដែលមានភារកិច្ចការពារការបោះឆ្នោតដើមឆ្នាំ២០២៤៕
ប្រភព៖ AKP